Register Already an agent ? Login

តើគួរវិនិយោគខុនដូបែបណាដើម្បីឆ្លើយតបប្រជាពលរដ្ឋវណ្ណៈកណ្តាល

ភ្នំពេញ: ការឌីសាញខុនដូថ្មីមួយ ដែលមានទំហំបន្ទប់តូចល្មម និងតំលៃសមរម្យដើម្បីឆ្លើយតបប្រជាជនមានជីវភាពមធ្យម ជាអ្វីដែលអ្នកវិនិយោគក្នុងស្រុកនិងបរទេសមួយចំនួនកំពុងចាប់អារម្មណ៍។

លោកទុយ ប៊ុនអគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោកដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោកមិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។លោកបន្តថា ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។

លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ”។លោកបន្តថា “ក្រុមហ៊ុនបានផ្តល់ការបង់រំលោះនូវលក្ខខ័ណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យមអាចមានលទ្ឋភាពបង់បាន”។

ក្រុមហ៊ុនលំនៅដ្ឋានLកម្ពុជាភ្នំពេញ បានធ្វើការវិនិយោគសាងសង់ខុនដូចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះពីរទីតាំងបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ និងអាគារទីបី គ្រោងបញ្ចប់នៅដើមឆ្នាំ២០១៧ខាងមុខនេះ និងពីរទីតាំងទៀតត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។ អាគារទី១ ដែលអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅ មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយ និងអាគារទី២មានអ្នកចូលស្នាក់នៅប្រមាណ១០ភាគរយប៉ុណ្ណោះ ដោយសារទើបបើកឲ្យអតិថិជនចូលទៅរស់នៅ។លោកទុយ ប៊ុនបញ្ជាក់ឲ្យដឹង។

លោកបន្តថា“ការវិនិយោគខុនដូរបស់យើងធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។

ជាក់ស្តែងអត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់នៅឆ្នាំ២០១៤។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។

អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន”។អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត”។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។

លោកបន្តថា “បើសាងសង់ខុនដូមិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ”។លោកបន្តថា “ខុនដូដែលមានទំំហំ៣០ម៉ែត្រការ៉េទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ”។

ប្រភព : www.propertyarea.asia