Register Already an agent ? Login

តំបន់កោះដាច់កំពុងរង់ចាំស្ពានដើម្បីជំរុញល្បឿននៃការអភិវឌ្ឍ

ភ្នំពេញ : ជាទឹកដីដែលមានអាកាសធាតុអំណោយផល មានទន្លេព័ទ្ឋជុំវិញមានដីពោរពេញដោយជីវជាតិ និងមានការត្បាញហូលផាមួង កោះដាច់ប្រហែលមិនស្ថិតនៅឆ្ងាយទៀតទេ នៅពេលរដ្ឋាភិបាលសាងសង់ស្ពានភ្ជាប់ទៅកាន់សង្កាត់ ដែលទើបកាត់ចូលដែនដីរាជធានីភ្នំពេញកាលពីដើមអាណត្តិទី៥កន្លងមកនេះ។

ចៅសង្កាត់កោះដាច់ លោកប៉ាត់ អ៊ែលបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋពិតជាត្រេកអរខ្លាំងណាស់ នៅពេលលឺពីគំរោងសាងសង់ស្ពាន របស់រដ្ឋាភិបាលមកកាន់ដីកោះនេះ ហើយមានប្រជាពលរដ្ឋមួយចំនួន បានដំឡើងថ្លៃដីរបស់ពួកគាត់ខ្លះៗផងដែរ ប៉ុន្តែមិនមានឈ្មួញចុះសាកសួររកទិញដីគគ្រឹកគគ្រេងនោះទេ។លោកបន្តថា តំលៃដីនៅជាប់ផ្លូវបេតុង នៅលើកោះមានតំលៃចន្លោះពី៤០ ទៅ៨០ដុល្លារ និងនៅតាមផ្លូវលំតូចៗមានតំលៃចន្លោះពី១០ ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “នៅកោះដាច់មានដីធំៗច្រើន សម្រាប់លក់ឲ្យតែមានតម្រូវការ ប៉ុន្តែការឡើងថ្លៃដីបច្ចុប្បន្ន ប្រជាជនចេះតែទាមទារខ្លួនឯងប៉ុណ្ណោះ”។លោកបន្តថា “ខ្ញុំ និងប្រជាជនដទៃទៀតនៅលើកោះនេះពិតជាសប្បាយរីករាយ នឹងគំរោងសាងសង់ស្ពានេះ តែមិនដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ”។

សង្កាត់កោះដាក់មានភូមិចំនួន៥ និងមានប្រជាពលរដ្ឋរស់នៅជាង១៣០០០នាក់នាពេលបច្ចុប្បន្ននេះ។

កាលពីដើមខែឧសភានេះ លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញធ្លាប់បានប្រកាសពីគំរោងសាងសង់ស្ពានភ្ជាប់ទៅកាន់សង្កាត់កោះដាច់ និងស្ពានភ្ជាប់ទៅតំបន់ស្វាយជ្រុំ និងតំបន់អរិយក្សត្រភ្ជាប់មកតំបន់ក្តីតាកុយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។ លោកអភិបាលក្រុងបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនកំពុងសិក្សាពីគំរោងសាងសង់ស្ពានទាំងបីនេះហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យDaily Realty Groupលោកហៃ រ៉ាវីបានថ្លែងថា ព៌តមានពីការសាងសង់ស្ពានទៅកាន់តំបន់នេះ មានជាយូរមកហើយ ប៉ុន្តែការសាងសង់ពេលណាមិនទាន់ដឹងជាក់លាក់នៅឡើយទេ ហេតុនេះទើបមិនសូវមានតម្រូវការដីធ្លីនៅតំបន់នេះ បើទោះតំបន់នេះមានដីមានជីវជាតិល្អ មានខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញក្តី។

លោកបន្តថា “តំបន់នេះអភិវឌ្ឍន៍លឿន ឬយឺតអាស្រ័យលើស្ពានសាងសង់រួចនៅពេលណា ប៉ុន្តែខ្ញុំគិតថាតំបន់នេះទាមទាររយៈពេល៥ ទៅ១០ឆ្នាំទៀតទើបមានសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ”។លោកបន្តថា “ដីនៅក្បែរៗក្រុងនៅសល់ច្រើននៅឡើយ ហើយការអភិវឌ្ឍនៅតំបន់ក្បែរក្រុងក៏មិនទាន់អស់ដីដែរ ហេតុនេះខ្ញុំគិតថាតំបន់នេះនឹងមិនមានការអភិវឌ្ឍន៍ឆាប់រហ័សទេ”។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estateមានសុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា ប្រសិនជាស្ពានសាងសង់ភ្ជាប់ទៅកាន់តំបន់នេះ តំលៃដីពិតជាឡើងថ្លៃមិនខាន ព្រោះជាធម្មតានៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលសាងសង់ទៅដល់ទីណា ប្រជាពលរដ្ឋនៅតំបន់នោះនឹងទទួលបានផលប្រយោជន៍ ហើយតំបន់នោះនឹងមានការអភិវឌ្ឍ ព្រោះបើធៀបនឹងតំបន់អរិយក្សត្រ តំបន់នេះមានចម្ងាយជិត និងមានភាពអំណោយផលជាង។

លោកបន្តថា “ប្រសិនជាស្ពានសាងសង់រួច តំបន់នេះគួរអភិវឌ្ឍន៍ជាលំនៅ ដ្ឋានលំដាប់high class និងគួរកែច្នៃឲ្យដូចជាកោះបាលីរឹតតែល្អ ព្រោះតំបន់នេះមានខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញ”។

លោកបន្តថា “សណ្ឋាគារ បឹងហ្កាឡូ ផ្ទះបែបសម្រាកកំសាន្ត ទាំងគេទាំងខ្ញុំនឹងចាប់អារម្មណ៍ទៅរស់នៅតំបន់នេះនាពេលអនាគត”។

សង្កាត់កោះដាច់ ស្ថិតនៅប្របដងទន្លេមេគង្គលើ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ សង្កាត់កោះដាច់ស្ថិតក្នុងខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ប្រភព : www.propertyarea.asia