Register Already an agent ? Login

គំរោងខុនដូតម្លៃ៧០០លានដុល្លារនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ប្រកាសលក់

ភ្នំពេញ : គំរោងខុនដូប្រណីត រួមនឹងមជ្ឈមណ្ឌលកីឡា ក្រោមការបោះទុនវិនិយោគ​៧០០លានដុល្លារ នៅតាមបណ្តោយមហាវិថី៦០ម៉ែត្រ ដែលវិនិយោគដោយក្រុមហ៊ុន R&F Properties បានប្រកាសលក់ជាមួយជំនឿចិត្ត។

លោក WANG ZHI HAO ប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុន R&F គ្រុបបានថ្លែងឲ្យ​ដឹង​កាលពីថ្ងៃទី១៩ វិច្ឆិកា កន្លងមកថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន​លោក​តែងតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតសហគ្រាស គឺ «បង្កើតភាពអច្ឆរិយ» រួមគ្នា​អភិវឌ្ឍន៍ជីវភាព ឲ្យកាន់តែល្អប្រសើរ ខិតខំប្រឹងប្រែងស្ថាបនាអាគារស្នាក់នៅ មាន​គុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈទាន់សម័យ ដើរស្របនិងរបត់នៃ​ភាពរីកចំរើន នៃវិស័យសំណងរបស់ពិភពលោក។

លោកបានអះអាងថា តាមរយៈការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អស់រយៈពេលជាច្រើន​ឆ្នាំ R&F បានបង្កើតគម្រោងជាង២២០នៅក្នុងទីផ្សាប្រទេសចិន ក៏ដូចជាទីផ្សារក្រៅ​ប្រទេស ដែលគ្របដណ្តប់លើទីក្រុង និងតំបន់ចំនួន៦៩។ លោកថា គំរោង អ&អេហ្វ ហ័រហ្វូ (R&F) ដែលជាគំរោងទី២ របស់ក្រុមហ៊ុន អ&អេហ្វគ្រុប នេះ បានឆ្លើយតបទៅ​នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចអន្តរជាតិខ្សែក្រវ៉ាត់១ ផ្លូវ១ ដែលត្រូវចាត់ទុកថាជា ស្នួលនៃអាស៊ាន និងខ្លាថ្មីនៃទ្វីបអាស៊ី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដែលអញ្ជើញជាអធិបតី​ក្នុងពិធី​នោះបានថ្លែងថា វត្តមានរបស់គម្រោង R&F មិនត្រឹមតែឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត មក​លើគោលនយោបាយកម្ពុជានោះទេ ប៉ុន្តែក៏ជាការយល់ឃើញដ៏ឆ្លាសវៃរបស់ចិនចំពោះ​សក្តានុពលខ្ពស់របស់កម្ពុជា ដែលមានភាពអំណោយផល សម្រា​ប់ការវិនិយោគផ្ទាល់​ពីបរទេស។ លោកបន្តថា ការរីកចម្រើនវិស័យអចលទ្រព្យ វិស័យសំណង់ គឺជា​បដិវត្តន៍​ថ្មីសម្រាប់ទីផ្សារលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាក់ស្តែងក្នុងរយៈពេល​ដ៏ខ្លីកម្ពុជាបានរីកមុខមាត់ ដោយមានអាគាខ្ពស់ៗស្កឹមស្កៃជាច្រើន ជាពិសេសនៅ​រាជធានីភ្នំពេញ។ លោកបន្តថា គិតត្រឹមដើមខែតុលាឆ្នាំ២០១៨ រាជធានីភ្នំពេញមាន​ទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានប្រមាណ២១២ទីតាំង ហើយចំនួននេះនឹង​នៅតែបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រសិនបើលក្ខខណ្​ឌសុខសន្តិភាព និងស្ថេ​រភាពនយោបាយត្រូវបានធានា ។

តំណាងសភាពាណិជ្ជកម្មកម្ពុជាលោក ហេង វិទ្ឋី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការ​បោះទុនវិនិយោគ របស់វិនិយោគិនចិនរហូតដល់៧០០លានដុល្លារអាមេរិកនេះ បង្ហាញ​ឲ្យឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ចិន ក្នុងការធ្វើកិច្ច​សហប្រតិបត្តិការ​ល្អជាមួយគ្នា ពិសេសវិនិយោគចិនបានទុកចិត្តការដឹកនាំ របស់ប្រមុខ​រាជរដ្ឋាភិបាល ដែ​លរក្សាបានសន្តិ​សុខ សុវត្ថិភាពដល់អ្នកវិយោគ៕

ប្រភព : www.propertyarea.asia