ភ្នំពេញ៖ ប្រទេសកម្ពុជាចាប់ផ្តើមមានរោងចក្រកែច្នៃ និងសម្ងួតផ្លែស្វាយ ដែលមានសមត្ថភាពសម្ងួតផ្លែស្វាយបាន៣០០តោនក្នុងមួយខែ ដើម្បីនាំចេញជាលើកដំបូងហើយ រោងចក្រនេះមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។
រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានចុះពិនិត្យមើលក្រុមហ៊ុនកែឆ្នៃផលិតផលផ្លែស្វាយ LBN Agriculture ដែលមានលទ្ធភាព កែច្នៃផ្លែស្វាយ កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងមក បានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុនបានចូលរួមចំណែករកទីផ្សារ ស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយដើម្បីនាំចេញ។ សកម្មភាពនេះ ពិតជាបានរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយ បង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ។
ក្រុមហ៊ុននេះបានចាប់ដំណើរការ កាលពីខែឧសភា ឆ្នាំ២០១៨ ដោយវិនិយោគទឹកប្រាក់ប្រមាណ២លានដុល្លារ ដោយផលិតផលសម្រេចភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនក្នុងតម្លៃ៥,៣ ដុល្លារក្នុងមួយគីឡូក្រាម។
ក្រុមហ៊ុន LBN Agriculture មានសមត្ថភាពកែច្នៃផ្លែស្វាយជាផលិតផលស្វាយ ហើយជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុន ប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំប្រមាណពី៦០-១០០តោន ក្នុង១ថ្ងៃ ដោយមួយគីឡូក្រាមក្នុងតម្លៃ១២០០-១៦០០រៀល។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុង១ហិកតាស្វាយកែវរមៀតអាចផ្តល់ទិន្នផលជាមធ្យម១០តោន ទៅ២០តោន និងលក់បានតម្លៃ១០ទៅ២០លានរៀល ក្នុងការប្រមូលផលម្តង ហើយក្នុង១ឆ្នាំអាចប្រមូលផលបាន២ ដង ដូច្នេះ១ឆ្នាំ អាចទទួលបានចំណូលយ៉ាងតិច២០លានរៀល។ ស្ថានភាពនៃកម្រិតចំណូលនេះអាចសន្និដ្ឋានបានថា ផលិតផលកសិកម្ម អាចឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ៕
ប្រភព : www.propertyarea.asia