ភ្នំពេញ៖ អគារ Aon Hanoi Landmark Tower ឬ ហៅថា AON Landmark 72 គឺជាអគារដែលប្រើប្រាស់ចម្រុះខ្ពស់កប់ពពកមួយស្ថិតនៅក្នុងតំបន់ Nam Tu Liem ទីក្រុងហាន់ណូយ ប្រទេសវៀតណាម ។ អគារនេះ មានកម្ពស់៧២ ជាន់ និង ៣៥០ ម៉ែត្រ ដែលសាងសង់នៅលើទំហំដី៤៦,០៥៤ ម៉ែត្រការ៉េ ជាមូលដ្ឋានក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា Keangnam Enterprises, Ltd ដោយបោះទុនវិនិយោគលើការសាងសង់អគារនេះចំនួន ១,០៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
អគារខ្ពស់កប់ពពកនេះ ត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់ចម្រុះ រួមមានសណ្ឋាគារផ្កាយ ៥ (InterContinental ) កន្លែងកម្សាន្ត ការិយាល័យជួល Clinic និងមជ្ឈមណ្ឌលតាំងពិពរណ៍ ផ្សេងៗ ផងដែរ។ បន្ថែមពីនេះ អគារនេះ ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១២ កន្លងទៅនេះ ។
ក្រុមហ៊ុន Keangnam Enterprises កាន់កាប់ភាគហ៊ុន ៧០ ភាគរយ ដែលបានបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ដោយខ្ចីលុយពីធនគារបន្ថែមចំនួន ៥១០ លានដុល្លារ។ ដោយឡែងនៅក្នុងឆ្នាំ ២០១៦ ត្រូវបានក្រុមមហ៊ុន AON Keangnam Enterprises Holding កាន់កាប់ភាគហ៊ុន ស្ទើរតែ ១០០ % ដោយខ្ចីលុយពីធនាគារដើម្បីទិញយកដាច់។
ដោយសារតែភាពល្បីល្បាញរបស់អគារខ្ពស់កប់ពពកនេះ កាលពីឆ្នាំ ២០១២ ត្រូវបានគេជ្រើសរើសជាកន្លែងរត់ប្រណាំងឡើងជណ្តើរ (Vietnam Landmark Hanoi Vertical Run) ដែលមានជណ្តើរឡើងដល់ជាន់លើបង្អស់ចំនួន ១,៩១៤ជណ្តើរ ។
តែយ៉ាងណាក៏ដោយ អគារនេះនៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងទីក្រុងហាន់ណូយចាប់តំាងពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ នេះ ៕
ប្រភព : www.propertyarea.asia