Register Already an agent ? Login

អស្ចារ្យ! មជ្ឈមណ្ឌលកម្សាន្ដThe Heritage Walk ធំជាងគេក្នុងខេត្តសៀមរាប បើកសម្ពោធដំណើរការ

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្សាន្ដ The Heritage Walk ធំជាងគេនៅក្នុងខេត្តសៀមរាប បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលមជ្ឈមណ្ឌលកម្សាន្ដនេះ វិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development នៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ស្ថិតចំកណ្តាលនៃទីក្រុងទេសចរណ៍វប្បធម៌លំដាប់ពិភពលោក ។

លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development ថ្លែងនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការមជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk) នេះ បានឲ្យដឹងថា មជ្ឈមណ្ឌល The Heritage Walk ពុំមែនផ្សារទំនើបទេ តែជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូលផ្តុំមួយដែលផ្តល់នូបបរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញនូវទំនិញផ្សេងៗ សម្រាប់មនុស្សគ្រប់វ័យ ដែលបើកដំណើរការចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ម្ចាស់ភាគហ៊ុនខ្មែរផ្ទាល់ក្នុងការវិនិយោគមជ្ឈ មណ្ឌល ហេរីថេកវ៉ក (The Heritage Walk) និងក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងនៃវិស័យទេសចរណ៍មួយនេះ របស់ខេត្តសៀមរាប ដែលត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបទរបស់ខ្មែរ ហើយមជ្ឈមណ្ឌល នេះជាគម្រោង តែមួយគាត់ និងដំបូងបង្អស់ដែលបានឈ្នះរង្វាន់ «ស្ថាប្យកម្មពាណិជ្ជកម្មល្អដាច់គេ នៅក្នុងប្រទេស កម្ពុជា» កាលពីឆ្នាំ២០១៧ ពី Cambodia Property Adward ដោយផ្តោតជាសំខាន់នូវ ចំណុចពិសេសនៃអត្តសញ្ញាណ វប្បធម៌ និងអរិយធម៌ខ្មែរ មកគួបផ្សំនឹងការច្នៃប្រឌិតខ្ពស់ ដែលកត្តានេះគឺជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប។

លោកអភិបាលខេត្តរូបនេះបន្តថា ការសម្ពោធដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលនាពេលនេះ គឺពិតជាបានរួមចំណែកដល់កិច្ចការ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់ ជាពិសេសបានផ្តល់ការងារ ជូនកម្មករនិយោជិតក្នុងខេត្តជាង១,០០០នាក់។ទន្ទឹមនឹងការវិឌ្ឍន៍ឈានឡើងឥតឈប់ឈរ គេសង្កេតឃើញ ថាផ្សារទំនើបៗ ជាច្រើនបាននិងកំពុងតែមានការរីកដុះដាលនៅកម្ពុជា ក្នុងនោះខេត្តសៀមរាប ក៏មានការរីកចម្រើនផងដែរ៕

ប្រភព : www.propertyarea.asia