ភ្នំពេញ៖ ទឹកប្រាក់២៥ពាន់លានដុល្លារបានបង្ហូរចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលបានធ្វើឲ្យក្រុងភ្នំពេញផ្លាស់ប្តូរមុខមាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់ កាលពីពេលថ្មីៗនេះ លោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់បានបង្ហាញពីការរីកចម្រើននៃវិស័យសំណង់កម្ពុជា ដោយទឹកប្រាក់វិនិយោគលើវិស័យសំណង់ចាប់តាំងពីឆ្នាំ ២០១១រហូតដល់ឆ្នាំ២០១៧ ។
ក្នុងរយៈពេលពីឆ្នាំ៦ឆ្នាំ ការវិនិយោគលើវិស័យនេះមានចំនួន១៥,៧៨២គម្រោង ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២៤,៨៣៩លានដុល្លារអាមេរិក។
លោក ឆាន់ សូរ្យផល បានបន្ថែមថា គិតត្រឹមរយៈពេល ១៧ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០០០មកដល់ឆ្នាំ ២០១៧ វត្តមានអាគារខ្ពស់ៗប្រណីតនៅកម្ពុជា មានចំនួនរហូតដល់៩៧៩អាគារបានសាងសង់ឡើង។ អគារខ្ពស់ៗប្រណីតទាំងនេះ រួមមាន អាគារដែលមានកំពស់ចាប់ពី៥ជាន់រហូតដល់៤០ជាន់ឡើងទៅ។ ក្នុងនោះអាគារ ដែលមានកំពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៥៧៩អាគារ ហើយអាគារដែលមានកម្ពស់១០ជាន់ដល់១៩ជាន់មានចំនួន២៩០អាគារ។ រីឯអាគារដែលមានកំពស់ចាប់ពី២០ជាន់ ដល់២៩ជាន់មានចំនួន៧០អាគារ ហើយអាគារដែលមានកំពស់ចាប់ពី៣០ ជាន់ដល់៣៩ជាន់មានចំនួន២៩អាគារ ជាពិសេសអាគារដែលមានកំពស់ ចាប់ពី៤០ជាន់ឡើងវិញមានចំនួន១១អាគារ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកCBRE Cambodia បានថ្លែងថា វិស័យសំណង់បានរួមចំណែកដល់កំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ហើយវិស័យនេះបានផ្លាស់ប្តូរមុខមាត់កម្ពុជា និងធ្វើឲ្យកម្ពុជាលេចឡើងកាន់តែខ្លាំងលើឆាកអន្តរជាតិ។
អ្នកនាងបន្តថា “ពីមុនគេមិនសូវស្គាល់កម្ពុជាទេ ប៉ុន្តែពេលនេះមនុស្សភាគច្រើនបានស្គាល់កម្ពុជានិងទីក្រុងភ្នំពេញ ដោយសារកំនើនវិនិយោគក្នុងវិស័យនេះ។អ្នកនាងបន្តថា “ដោយសារកំនើនសេដ្ឋកិច្ច និងបរិយាកាសនយោបាយល្អ បានធ្វើឲ្យកម្ពុជាស្ថិតក្នុងគោលដៅនៃការវិនិយោគបរទេស។
លំហូរទុនវិនិយោគពីបរទេសសរុបកាលពីឆ្នាំ២០១៦ ២០១៧នៅកម្ពុជាមានទំហំខ្ពស់ជាងប្រទេសថៃ និងប្រទេសវៀតណាមដែលនៅជិតកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យពិតជាមានការរីកចម្រើនលឿន នហើយលោកផ្ទាល់សឹងមិនជឿថា ល្បឿននៃការអភិវឌ្ឍន៍ប្រទេសរបស់យើងបានឈានមកដល់ដំណាក់កាលនេះយ៉ាងលឿនបែបនេះឡើយ។
លោកបន្តថា “យើងទាំងអស់គ្នាគួររីករាយ និងពេញចិត្តចំពោះអ្វីដែលកើតឡើងនេះ ព្រោះមួយទសវត្សរ៍មុខមាត់ទីក្រុងភ្នំពេញបានផ្លាស់ប្តូរទាំងស្រុង វត្តមានអាគារកប់ពពកកំពុងធ្វើឲ្យទីក្រុងនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ”៕
ប្រភព : www.propertyarea.asia