ភ្នំពេញ : ស្របពេលផ្លូវជាតិលេខ៦អាបានបញ្ចប់ការសាងសង់ បានធ្វើឲ្យការតភ្ជាប់ពីតំបន់នានានៅតាមបណ្តោយផ្លូវនេះ មកកាន់ក្រុងភ្នំពេញកាន់តែមានភាពងាយស្រួល ដែលធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានឆ្ពោះទៅតំបន់នេះ។
អ្នកវិនិយោគក្នុងស្រុកមួយរូប លោកឧកញ៉ា លី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បាននិងកំពុងឆ្ពោះទៅកាន់តំបន់នេះ តាមរយៈការវិនិយោគបុរីវិមានភ្នំពេញមង្គលរតនៈ ដើម្បីប្រែក្លាយតំបន់នេះក្លាយជាសហគមន៍ដ៏ស៊ីវិល័យមួយ។
លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា តំបន់នេះនឹងមានការរីកចម្រើនលឿន ពិសេសបុរីវិមានភ្នំពេញមង្គលរតនៈ នឹងធ្វើឲ្យតំបន់នេះមានរបៀបរៀបរយ និងមានសួនច្បារ កន្លែងហាត់ប្រាណ និងមានផ្លូវថ្មើជើង ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានរបៀបរៀបរយ និងស៊ីវិល័យមួយ។
លោកបន្តថា “វានឹងក្លាយជាទីប្រជុំជន ដែលបង្ហាញពីការរីកចម្រើនមួយនៅតំបន់នេះនាពេលអនាគតឆាប់ៗនេះ”។
ប្រធានផ្នែកទីផ្សារនៃគំរោងបុរីវិមានភ្នំពេញមង្គលរតនៈ អ្នកនាង ឆាយ ស៊ីណា បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះនឹងក្លាយជាសហគមន៍ធំមួយនៅតំបន់នេះ ដោយសារតំបន់នេះជាទីប្រជុំជនស្រាប់ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មកកាន់ក្រុងភ្នំពេញមានភាពងាយស្រួល ដែលបានធ្វើឲ្យអ្នកវិនិយោគជាច្រើន បានមកសាងសង់បុរីនៅតំបន់នេះ ព្រោះនាពេលអនាគតតំបន់នេះនឹងមានភាពរីកចម្រើនលឿន និងកាន់តែរសរវើក។
អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ លំនៅដ្ឋានក្នុងគំរោងនេះលក់អស់ប្រមាណ២០ភាគរយហើយ នៅក្នុងគំរោងដំណាក់កាលទី១ ក្នុងចំណោមគំរោងទាំងមូលដែលមានលំនៅដ្ឋានសរុបជាង៣០០០ល្វែង”។អ្នកនាងបន្តថា “គំរោងនេះក្រៅពីលំនៅដ្ឋាន ក៏មានសួនច្បារ ក្លឹបហាត់ប្រាណ សាលរៀបចំអាពាហ៍ពិពាហ៍ និងផ្ទះបែបអាជីវកម្មជាដើម”។
លំនៅដ្ឋានក្នុងបុរីនេះមានតម្លៃចាប់ពី៤៦,០០០ ដល់ជាង២១ម៉ឺនដុល្លារអាស្រ័យលើទីតាំង និងប្រភេទផ្ទះនិមួយៗ។
អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា ដោយសារមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានលក្ខខ័ណ្ឌអាកាសធាតុអំណោយផល បានធ្វើឲ្យមានការវិនិយោគលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើននៅតំបន់នេះ ដែលធ្វើឲ្យតំបន់នេះនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត។
អ្នកនាងបន្តថា “បច្ចុប្បន្នទាំងអ្នកវិនិយោគក្នុងស្រុក ពិសេសអ្នកវិនិយោគចិនបាននិងកំពុងវិនិយោគ និងកំពុងស្វែងរកឳកាសវិនិយោគនៅតំបន់នេះផងដែរ”៕
ប្រភព : www.propertyarea.asia