ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យកាន់តែមានភាពប្រកួតប្រជែង ហើយការនាំចូលFranchiseក្រុមហ៊ុនធំៗចូលមកម្ពុជាកាន់តែច្រើន អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងពីរលកថ្មីមួយក្នុងវិស័យនេះ ដោយអះអាងថា ក្រុមហ៊ុនធំៗនឹងលេបក្រុមហ៊ុនអចលនទ្រព្យតូចៗនាពេលអនាគត។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រយៈពេលបីឆ្នាំខាងមុខ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យតូចៗ ដែលមានបុគ្គលិកចន្លោះពី២០ ទៅ៣០នាក់នឹងស្លាប់ដោយខ្លួនឯង ប្រសិនជាពួកគេមិនជ្រកក្រោមស្លាកឬទិញFranchiseពីក្រុមហ៊ុនធំៗ ដើម្បីធ្វើប្រតិបត្តិការទេនោះ។
លោកបានលើកជាឧទាហរណ៍ថា នៅពេលអ្នកអភិវឌ្ឍន៍បុរី ឬខុនដូមួយ ត្រូវការក្រុមហ៊ុនមួយ ដែលដើរតួនាទីជាភ្នាក់ងារលក់គំរោងរបស់ពួកគេ ពួកគេនឹងជ្រើសរើសយកក្រុមហ៊ុនដែលមានបុគ្គលិក ឬអ្នកលក់២០០ទៅ៣០០នាក់ ពួកគេមិនរើសក្រុមហ៊ុនដែលមានភ្នាក់ងារលក់២០ទៅ៣០នាក់នោះទេ។
លោកគីម ហ៊ាងបានបន្តថា “នេះជានិន្នាការទីផ្សារសេរី អ្នកខ្លាំងរស់ អ្នកខ្សោយនឹងស្លាប់ដោយខ្លួនឯង ហេតុនេះជម្រើសល្អគឺក្រុមហ៊ុនតូចៗត្រូវរំលាយ ឬមកជ្រកក្រោមស្លាកក្រុមហ៊ុនធំៗ”។
បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន បានចូលមកកាន់ទីផ្សារកម្ពុជា ដូចជា Century21 Cambodia, ERA, CBRE, Knight Frank, Keller Williamជាដើម ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានទំនុកចិត្ត ព្រមទាំងចរិកនៃការប្រកួតប្រជែងកើនឡើង។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ក្រុមហ៊ុនអាមេរិកធំៗ មុនចូលមកកម្ពុជាពួកគេបានសិក្សាទីផ្សារ៤ទៅ៥ឆ្នាំមុន ទើបពួកគេសម្រេចចិត្តចូលមក ហេតុនេះនៅពេលពួកគេចូលមកដល់ មានន័យថាទីផ្សារនេះរៀបរយសម្រាប់ពួកគេរួចហើយ។លោកបន្តថា អ្នករកស៊ីអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ នឹងកាត់បន្ថយ ហើយពួកគេនឹងរត់មករកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណដោយខ្លួនឯង នៅពេលទីផ្សារកាន់តែមានទំនុកចិត្តជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ និងមានកេរ្ត៍ឈ្មោះល្បីនៅលើពិភពលោក៕
ប្រភព : www.propertyarea.asia