ភ្នំពេញ៖ អាគារភ្លោះដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កប់ពពកលំដាប់ពិភពលោក Thai Bunrong Twin Tower បានផ្លាស់ប្តូរដៃគូវិនិយោគរបស់ខ្លួនហើយ ខណៈការបុកគ្រឹះសាងសង់ជញ្ជាំងទប់ដីបានបញ្ចប់មុនផែនការ។
យោងតាមប្រភពព៌តមានគួរឲ្យទុកចិត្តបាន ដែលគេហទំព័រ Propertyarea.asia ទទួលបាននារសៀលថ្ងៃទី៧ វិច្ឆិកានេះបានឲ្យដឹងថា CMT Cosmo Pte, Ltd Group ជាថ្មីរបស់ក្រុមហ៊ុនដៃគូក្រុមហ៊ុនថៃ ប៊ុនរ៉ុង ខណៈដំបូងឡើយក្រុមហ៊ុននេះបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ដើម្បីសាងសង់អគារកំពស់៥៦១ម៉ែត្រនេះ។
លោកសាស្ត្រាចារ្យទួស សាភឿនស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះមិនបានឆ្លើយតបសំណួរសុំការពន្យល់បានទេ។
ទាក់ទងនឹងការសាងសង់អាគារនេះ លោកទួស សាភឿនបានឲ្យដឹងថា ក្រុមស្ថាបត្យករ និងវិស្វករលំដាប់ពិភពលោក ដែលធ្លាប់មានបទពិសោធន៍សាងសង់អាគារខ្ពស់ៗមកពីបួនប្រទេស កំពុងសិក្សាពីការសាងសង់អាគារនេះ។លោកបន្តថា ក្រុមស្ថាបត្យករ និងវិស្វករចូលរួមគូរប្លង់អាគារភ្លោះកប់ពពកនេះមានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសចិន និងក្រុមស្ថាបត្យករ និងវិស្វករពោរពេញដោយជំនាញនិងបទពិសោធន៍កម្ពុជាជាច្រើនរូបផងដែរ។
លោកធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិងក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦១ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូតដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។
លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិនមានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅលើពិភពលោក។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាពសាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះឡើយ។
លោកបន្តថា “យើងកំពុងប្រឹងប្រែងធ្វើឲ្យអាគារនេះ មានភាពភាពអស្ចារ្យ មិនមែនរាប់បញ្ចូលអង់តែននោះទេ គឺកំពស់ជាង៥០០ម៉ែត្រនេះ ជាអាគារដែលអាចប្រើប្រាស់បានដល់ចំណុចកំពូល។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា ការសាងសង់អាគារដ៏ធំនេះ ជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជាសម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។
អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាងសង់បានដោយជោគជ័យ”៕
ប្រភព : www.propertyarea.asia