ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការកែលំអរនិងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៤ នឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះឬដើមឆ្នាំ២០១៩ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ វិច្ឆិកានេះថា ផ្លូវជាតិនេះនឹងមិនមានការពង្រីកទេ ប៉ុន្តែក្រសួងនឹងចាក់នៅលើចិញ្ចើមផ្លូវក្រួសក្រហម ដែលមាននាពេលបច្ចុប្បន្ននេះ និងលើកកំពស់តួផ្លូវនៅតំបន់ស្ពានគគីរ និងស្ពានសំរោង ដែលតែងតែប្រឈមមុខនឹងការលិចទឹកជំនន់ទឹកភ្លៀងពេលរដូវវស្សាចូលមកដល់ម្តង។លោកបន្តថា គំរោងនេះគ្រោងចំណាយថវិកា១០០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក។
លោកបន្តថា “យើងអាចនិយាយបានថា ការសិក្សាដើម្បីចាក់កៅស៊ូ និងលើកកំពស់តួផ្លូវនៅតំបន់ទាំងពីរបានបញ្ចប់ហើយ ហេតុនេះគំរោងចាប់ផ្តើមនៅចុងឆ្នាំនេះនឹងអាចដំណើរការបានឬអាចចាប់ផ្តើមឆ្នាំក្រោយ។
ផ្លូវជាតិលេខ៤ជាផ្លូវដ៏សំខាន់មួយ ដែលជាការតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញដ៏សំខាន់ ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ផ្លូវនេះមានប្រវែងជាង១១០គីឡូម៉ែត្រ។
ការប្រកាសពីការរៀបចំលើកកំពស់តួផ្លូវ និងចាក់កៅស៊ូនៅលើចិញ្ចើមផ្លូវជាតិនេះ បានប្រកាសដោយលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងកំឡុងពេលលោកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបានហូរកាត់និងបង្អាក់ការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ៕
ប្រភព : Property area