ភ្នំពេញ៖ ចំនួនកាស៊ីណូបានកើនឡើងខ្ពស់នៅក្រុងប៉ោយប៉ែត ដែលរហូតមកទល់ពេលនេះទីក្រុងជាប់ព្រំដែនជាមួយប្រទេសថៃនេះ មានកាស៊ីណូនឹងកើនឡើងដល់២០ទីតាំងហើយ និងកើនដល់៣០នាឆ្នាំខាងមុខ។
អ្នកវិនិយោគក្នុងស្រុកមួយរូប លោក សុខ ហ៊ាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ក្រុងប៉ោយប៉ែតមានកាស៊ីណូសរុបចំនួន២០ទីតាំងហើយ និងរំពឹងកើនដល់៣០ទៅទីតាំងនៅឆ្នាំ២០១៩ខាងមុខនេះ។លោកបន្តថា កាស៊ីណូទាំងនោះវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសដូចជា ជនជាតិចិន ថៃ ម៉ាឡេស៊ីជាដើម។លោកបន្តថា អ្នកមកលេងកាស៊ីណូភាគច្រើននៅក្រុងប៉ោយប៉ែត ជាជនជាតិថៃ និងជនជាតិចិន និងជនបរទេសដទៃទៀត។
រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិបង្វែរការសាងសង់កាស៊ីណូទៅកាន់បណ្តោយព្រំដែនកម្ពុជាថៃ និងកម្ពុជាវៀតណាម ជាក់ស្តែងក្រុងប៉ោយប៉ែត និងក្រុងបាវិតជាតំបន់មានកាស៊ីណូច្រើនជាងគេ។ ក្រៅពីនេះកម្ពុជាក៏មានការវិនិយោគកាស៊ីណូ នៅតំបន់ភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ ព្រំប្រទល់កម្ពុជា វៀតណាម និងនៅព្រំដែនច្រកអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំជាដើម។
លោក សុខ ហ៊ាង បានបន្តឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានការរីកចម្រើនយ៉ាងលឿនលើវិស័យក្រៅពីកាស៊ីណូ ដោយវិស័យអចលនទ្រព្យបានកើនឡើងខ្ពស់ ដែលរហូតមកទល់ពេលនេះ បុរីលំនៅដ្ឋានចំនួន៨បានបញ្ចប់ការសាងសង់ និងបុរីជាច្រើនទៀតកំពុងសាងសង់។លោកបន្តថា ក្រៅពីបុរីលំនៅដ្ឋានក្រុងប៉ោយប៉ែត ក៏កំពុងមានការសាងសង់ខុនដូកំពស់កប់ពពក និងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបផងដែរ។
លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុងប៉ោយប៉ែតកំពុងទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយបច្ចុប្បន្នចំនួនកាស៊ីណូថ្មីៗជាច្រើន បាននិងកំពុងសាងសង់ ដែលធ្វើឲ្យចំនួនកាស៊ីណូកើនឡើងកាន់តែច្រើននាពេលអនាគត។
ប្រភព : Property area