ភ្នំពេញ៖ ដើម្បីពង្រីកមធ្យោយបាយដឹកជញ្ជូន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរដ្ឋាភិបាលចិនបាន និងកំពុងវិនិយោគទឹកប្រាក់១១,២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រលានយន្តហោះថ្មីមួយ ដែលមានសមត្ថភាពអាចឲ្យអ្នកដំណើរឆ្លងកាត់ ១០០លាននាក់ក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងសម្រុកសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ដែលស្ថិតនៅជាប់ព្រុំប្រទល់ទីក្រុងប៉េកាំង និងទីក្រុង Langfang នៃខេត្ត Hebei។ ព្រលានយន្តអន្តរជាតិនេះ គឺជាព្រលានយន្តហោះធំលំដាប់ទី ២ បន្ទាប់ពីព្រលានយន្តហោះមួយទៀតស្ថិតនៅក្នុងទីក្រុងប៉េកាំង។
ព្រលានហោះនេះ ត្រូវបានគេប្រកាសសាងសង់ផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ ២០១៤ នេះ ហើយគ្រោងនឹងបញ្ចប់និងដាក់អោយប្រើប្រាស់ជាផ្លូវការ នៅក្នុងចុងឆ្នាំ ២០១៩ខាងមុខនេះ។ ព្រលានយន្តហោះនេះ សាងសង់នៅក្នុងទំហំដី ៧០០,០០០ ហិកតា នឹងក្លាយជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលមានចំណតរហូត២៦០ ។
ម្យ៉ាងទៀត នៅពេលសាងសង់រួចរាល់ហើយនោះ ព្រលានយន្តហោះអន្តរជាតិនេះ នឹងក្លាយជាព្រលាន ដែលធំជាងគេបំផុតនៅលើពិភពលោក។ បន្ថែមពីនេះគេនឹងសាងសង់បន្ថែមនូវផ្លូវយន្តហោះ រត់អោយបាន៧ខ្សែរនាពេលខាងមុខទៀត ដើម្បីអាចផ្ទុកយន្តហោះចុះចតបានចំនួន៦២០,០០០ និងអ្នកធ្វើដំណើរចំនួន ១០០លាននាក់ក្នុងមួយឆ្នាំ។ គម្រោងថវិកាក្នុងការសាងសង់ព្រលានយន្តហោះនេះ គ្រោងចំណាយអស់ចំនួណ១១,២ ពាន់លានដុល្លារ រួមជាមួយនឹងការសាងសង់តភ្ជាប់ផ្លូវរថភ្លើង ចូលទៅក្នុងព្រលានផងដែរ៕
ប្រភព : Property area