ភ្នំពេញ : មន្រ្តីជំនាញជាន់ខ្ពស់នៃប្រទេសបារាំង បានយល់ស្របទៅតាមសំណើររបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទៅលើការសិក្សាគម្រោងពង្រីករាជធានីភ្នំពេញ ឱ្យមានទំហំធំជាងពេលបច្ចុប្បន្ន ខណៈដែលកំណើនរបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកវិនិយោគចម្រុះជាតិសាសន៍ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។
ការយល់ស្របតាមសំណើរខាងលើនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ឃួង ស្រេង ដោយអមដំណើរដោយលោក ចែម វីឌ៉្យា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលជួបជាមួយលោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការបរទេសសាធារណរដ្ឋបារាំង។
ក្នុងជំនួបពិភាក្សាការងារ លោក ឃួង ស្រេង បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូចជាទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ រួមមានទាំងជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ក៏ដូចការបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងក្រមខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានស្នើដល់ក្រសួងកិច្ចការបរទេសនៃសាធារណរដ្ឋបារាំង តាមរយៈលោកស្រី CARMONA និងនាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី បន្តការគាំទ្របន្ថែមទៀតលើកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បារាំង និងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រមទាំងបន្តគាំទ្រលើគម្រោងនានា ដែលអាចជួយឲ្យរាជធានីភ្នំពេញអាចក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាតវៃនាពេលអនាគត។
ជាកិច្ចឆ្លើយតប លោកស្រី Pauline CARMONA ក៏បានសន្យាផ្តល់មន្ត្រីជំនាញរបស់ខ្លួនចុះធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតាមតំបន់ជាយរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍ និងពង្រីកទំហំរាជធានីភ្នំពេញឱ្យធំជាងពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់ភាគខាងត្បូង ឱ្យក្លាយជាទៅជាតំបន់ទីក្រុងបៃតង និងជាទីក្រុងឆ្លាតវៃ (smart city) ដែលមានប្រមូលផ្តុំទៅដោយអាគារធំៗទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ជាដើម។
បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្ទៃក្រឡាសរុប៦៧៨គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ២លាននាក់។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានព្យាករណ៍ថា ទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅកើនឡើងដល់៤,៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលជាពេលវេលាធ្វើឲ្យទីក្រុងនេះកាន់តែមមាញឹក និងប្រឈមមុខនឹងការកកស្ទះចរាចរកាន់តែខ្លាំង៕
ប្រភព : Property area