ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកោះកុង បានធានាអះអាងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុង បាននិងកំពុងពន្លឿនជារៀងរាល់ថ្ងៃ នូវការងារជួសជុលផ្លូវពីស្រុកស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង ដើម្បីឲ្យរួចរាល់ស្រេចបាច់មុនពិធីបុណ្យសមុទ្រមកដល់នាពេលខាងមុខ។
ការពន្លឿនការជួសជុលនេះ ដើម្បីឆ្លើយតទៅនឹងការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីបញ្ហាផ្លូវធ្វើដំណើរទៅទស្សនា ពិធីបុណ្យសមុទ្រនៅខេត្តជាប់សមុទ្រមួយនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឲ្យដឹង នៅក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញនេះថា“ជាការពិតណាស់ យើងឃើញនៅតាមការដ្ឋានជួសជុលផ្លូវជាច្រើនកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤៨ ក្នុងនោះគេឃើញមានមន្ត្រីជំនាញ បុគ្គលិកបម្រើការតាមការដ្ឋាន និងគ្រឿងចក្រជាច្រើនគ្រឿងកំពុងខិតខំធ្វើកិច្ចការងារនេះយ៉ាងមមាញឹក។
លោករដ្ឋមន្ត្រីបានអះអាងទៀតថា ជាមួយគ្នានេះដែរ ក្រុមការងារកំពុងដោះស្រាយបញ្ហាសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ ដែលគ្រោងមកលេងកម្សាន្តនាពេលខាងមុខ ដោយធ្វើយ៉ាងណារៀបរយស្រេចបាច់មុនព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះឈានចូលមកដល់។
នៅសល់ជាងមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នឹងឈានចូលមកដល់ ដែលនឹងប្រារព្ធឡើងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ប្រភព : Property area