ភ្នំពេញ៖ ផ្សារទំនើបធំៗចំនួន៣ក្នុងនោះពីរកំពុងសាងសង់ និង១កំពុងស្ថិតក្នុងគំរោងដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងប្រែក្លាយតំបន់នេះជាមជ្ឈមណ្ឌលដើរទិញទំនិញធំជាងគេ និងដំបូងគេនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ននេះផ្សារទំនើបស្ថិតក្នុងគំរោងបុរីប៉េង ហួត ដែលសាងសង់លើផ្ទៃដីទំហំជាង៦ហិកតាកំពុងសាងសង់ ហើយផ្សារមួយទៀតនៅក្បែរនោះ គឺគម្រោងផ្សាររបស់បុរីជីព ម៉ុងបាននិងកំពុងសាងសង់ផងដែរ ហើយផ្សារទំនើបលំដាប់អន្តរជាតិ EAON MALL3 បាននិងកំពុងគ្រោងសាងសង់នៅតំបន់នេះ នាពេលខាងមុខផងដែរ។
ការរីកចម្រើនតំបន់នេះ សមស្របនឹងការលើកឡើងរបស់អតីតវីរស្ថាបត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណ ដែលធ្លាប់ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញ ទៅកាន់ភាគខាងត្បូង ដោយសារដីតំបន់នេះមានភាពទំនេរច្រើន សណ្ឋានដីខ្ពស់មិនប្រ ឈមការលិចទឹក និងមានខ្យល់អាកាសល្អបរិសុទ្ឋ។
ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្ត្រនៅតំបន់នេះ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា តំបន់នេះពិតជាមានការរីកចម្រើនលឿន រួមទាំងតម្លៃដីធ្លីបានហក់ឡើងខ្ពស់លឿនផងដែរ ប៉ុន្តែតំបន់នេះត្រូវការពេលវេលាប្រមាណ៥ឆ្នាំទៀត ដើម្បីឲ្យក្រុមហ៊ុននានាអភិវឌ្ឍន៍លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ឋនានា មុនពេលតំបន់នេះនឹងប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនាពេលអនាគត។
តាមការសិក្សារបស់ក្រុមហ៊ុន CBRE បានរកឃើញថា រហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញ មានផ្សារទំនើបជាតិ និងអន្តរជាតិចំនួន២៨បានបញ្ចប់ និងដាក់ឲ្យដំណើរការ ខណៈឆ្នាំ២០១៨នេះមានផ្សារទំនើប ផ្សារបែបសហគមន៍ចំនួន១២នឹងបើកដំណើរការជាបន្តបន្ទាប់ផងដែរ៕
ប្រភព : www.propertyarea.asia