ភ្នំពេញ៖ នៅពេលនេះការវិនិយោគលើអាផាតម៉ិនបាន និងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែតានតឹងជាងមុន នៅពេលចំនួនយូនីតខុនដូដាក់ចូលទីផ្សារកាន់តែច្រើន ដូចនេះអ្នកវិនិយោគអាផាតម៉ិនគួរធ្វើការវិនិយោគយ៉ាងដូចម្តេច ដើម្បីទាក់ទាញអតិថិជនចូលស្នាក់នៅកាន់តែច្រើន។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបាននិងកំពុងទទួលជោគជ័យ លើការវិនិយោគអាផាតម៉ិនបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអាផាតម៉ិននៅតែមានកំនើនយ៉ាងរឹងមាំ ដោយផ្អែកលើលំហូរចូលអ្នកវិនិយោគថ្មីៗ ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច ពិសេសការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន។ លោកបានឲ្យដឹងថា ការវិនិយោគអាផាតម៉ិន ដើម្បីទទួលបានជោគជ័យត្រូវផ្អែកលើកត្តាមួយចំនួន។
ទីតាំង
ការជ្រើសរើសទីតាំងមានសារៈសំខាន់ណាស់ ដើម្បីដឹងថាគំរោងរបស់ខ្លួនគួរអភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់កម្រិតណា និងទាក់ទាញអតិថិជនកម្រិតណា ព្រោះប្រសិនជាទីតាំងកម្រិតA យើងអាចទទួលបានជោគជ័យ បើសិនជាសាងសង់អាផាតម៉ិនកម្រិត B ប៉ុន្តែបើទីតាំងកម្រិត B ឬ C ហើយសាងសង់អាផាតម៉ិនកម្រិត Aមិនជោគជ័យនោះទេ។ ដូច្នេះអ្នកវិនិយោគគួរតែដឹងពីទីតាំងរបស់ខ្លួន។
ការដាក់តំលៃ
ការផ្តោតលើគោលដៅអតិថិជនពិតជាសំខាន់ តែការផ្តោតលើតំលៃកាន់តែសំខាន់ ដូច្នេះការដាក់តំលៃជួលគួរតែពិនិត្យមើល ទៅលើទីតាំងអាគារអាផាតម៉ិនរបស់ខ្លួន ដើម្បីទទួលបានអ្នកជួលកាន់តែច្រើន និងធ្វើឲ្យគំរោងរបស់ខ្លួនដើរស្របតាមស្ថានភាពទីផ្សារជាក់ស្តែង។
រក្សាឌីសាញអាគារ
មិនថាទីតាំង ការដាក់តំលៃទេ និងការឌីសាញអាគារឲ្យមានភាពទាក់ទាញកាន់តែសំខាន់ផងដែរ ដើម្បីទាក់ទាញអារម្មណ៍អ្នកស្នាក់នៅឲ្យមានភាពកក់ក្តៅ និងអារម្មណ៍ប្រកបដោយភាពស្រស់ស្រាយ តាមរយៈការបំពាក់នូវស្តង់ដាអាគារមានលក្ខណៈសន្សំសំចៃថាមពល និងជាអាគារគោរពតាមស្តង់ដាបរិស្ថាន ដោយកាត់បន្ថយបាននូវការបំពុលបរិយាកាស ពោលគឺធ្វើឲ្យវាក្លាយជាអាគារបៃតង។
ការបំពាក់សម្ភារៈបរិក្ខា
ការបំពាក់សម្ភារៈបរិក្ខា ដូចជា កន្លែងហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋានលើអាកាស ចំណតយានយន្តស្តង់ដា និងសេវាកម្មដទៃទៀត សុទ្ឋតែជាតម្រូវការចាំបាច់របស់អតិថិជន ប៉ុន្តែការបំពាក់សម្ភារៈបរិក្ខា និងសេវាកម្មនានានឹងធ្វើឲ្យការចំណាយកាន់តែធំ ដូច្នេះធ្វើឲ្យតំលៃជួលកាន់តែថ្លៃ។ ដូច្នេះការបំពាក់សម្ភារៈបរិក្ខាទំនើប មានសេវាកម្មសម្បូរបែប ដើម្បីធ្វើឲ្យអ្នកស្នាក់នៅមានភាពងាយស្រួល ក៏គួរពិចារណាផងដែរ ទៅលើទីតាំងគំរោង និងគោលដៅអតិថិជន។
ទំហំបន្ទប់
តាមធម្មតាអ្នកស្នាក់នៅអាផាតម៉ិនភាគច្រើនជាគ្រួសារតូច ដែលមានគ្នាមិនលើសពីរបីនាក់នោះទេ ព្រោះជនបរទេសមកធ្វើការនៅកម្ពុជា ឬប្រទេសដទៃភាគច្រើនពួកគេស្នាក់នៅបណ្តោះអាសន្ន និងមានសមាជិកគ្រួសារតូច ហេតុនេះពួកគេមិនសូវនិយមអាផាតម៉ិនដែលមានបន្ទប់ច្រើននោះទេ។
ពួកគេភាគច្រើន ត្រូវការអាផាតម៉ិនដែលមានបន្ទប់គេងមួយ ឬពីរប៉ុណ្ណោះ ហើយអាផាតម៉ិនដែលពេញនិយម និងមានអ្នកជួលច្រើន គឺជាអាផាតម៉ិនដែលមានបន្ទប់គេង១ឬពីរប៉ុណ្ណោះ។
សេវាគ្រប់គ្រងអាគារ
ការមានអាគារស្រស់ស្អាត មានទីតាំងល្អ និងតំលៃសមរម្យគ្រប់គ្រាន់នោះទេ គឺទាមទារឲ្យអ្នកវិនិយោគអាផាតម៉ិន មានសេវាគ្រប់គ្រងអាគារប្រកបដោយបទពិសោធន៍ និងស្តង់ដាអន្តរជាតិផងដែរ ដើម្បីឲ្យអ្នកស្នាក់នៅមានអារម្មណ៍កក់ក្តៅ និងប្រកបដោយផាសុខភាព ឧទាហរណ៍ សេវាអ៊ីនធើណេតល្បឿនលឿន មានការជួលជុលទុយោទឹកបែកជូនអតិថិជនទាន់ពេលវេលាជាដើម។
ការចងបណ្តាញ
នៅពេលបច្ចុប្បន្នពិភពជំនួញកាន់តែមានភាពប្រកួតប្រជែង ប៉ុន្តែវិធីសាស្ត្រថ្មីៗត្រូវបានអ្នកជំនួញវ័យក្មេងភាគច្រើនកំពុងចាប់យក គឺការចងបណ្តាញជំនួញរបស់ខ្លួន ដើម្បីធ្វើឲ្យជំនួញរបស់ខ្លួនទទួលបានជោគជ័យ និងមានអតិថិជនច្រើន ដែលជាការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
លោកឧកញ៉ានួន រិទ្ឋីបានបញ្ជាក់ពីបញ្ហានេះថា ការចងបណ្តាញដៃគូជំនួញមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាផាតម៉ិនរបស់ខ្លួនទទួលជោគជ័យ ព្រោះការធ្វើជំនួញម្នាក់ឯងមិនទទួលបានជោគជ័យនោះទេ ដូច្នេះការចងបណ្តាញមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ជូនអតិថិជនដល់គ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក៕
ប្រភព : Property area