នៅពេលដែលវិស័យអចលនទ្រព្យកំពុងមានសក្តានុពលខ្លាំង មនុស្សជាច្រើនបានងាកមកចាប់អារម្មណ៍ជាមួយវិស័យនេះ ដើម្បីស្វែងរកផលចំណេញ ដែលក្នុងនោះរួមមានទាំងការបោះទុនវិនិយោគ ការបង្កើតជាក្រុមហ៊ុនអចលនទ្រព្យ ជាពិសេស ការតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ ដើម្បីទទួលបានកម្រៃជើងសារ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងថា លក្ខណៈសម្បត្តិដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យម្នាក់ មានកត្តារួមផ្សំជាច្រើន ដូចជាទី1 ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង អតិថិជន ដៃគូអាជីវកម្ម និងសង្គមជាតិ។ ទី2 ត្រូវមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងតម្លៃអចលនទ្រព្យទៅតាមតំបន់ និងប្រភេទនៃអចលនទ្រព្យនីមួយៗ ព្រមទាំងចំណេះដឹងផ្នែកភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និងនយោបាយ។
ទី៣ ត្រូវស្គាល់អតិថិជនដែលមានតម្រូវការចង់លក់ជួល និងទិញអចលនទ្រព្យដោយផ្ទាល់ ពិសេសត្រូវមានទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងសង្គម ពិសេសវណ្ណៈកណ្តាល និងវណ្ណៈខ្ពស់ ដោយត្រូវស្គាល់ឲ្យបានច្បាស់ថា Who is Who? ទី4 ត្រូវតែស្រឡាញ់ និងចូលចិត្តអាជីពផ្នែកដីធ្លី ព្រោះវាមិនមែនជាការងារទេ តែជាអាជីពដែលត្រូវការពេលវេលា និងភាពអត់ធ្មត់ខ្លាំងណាស់ ប្រៀបដូចជាការដាំដើមត្នោតដែរ និងទី5 ត្រូវមានទេពកោសល្យ និងឧបនិស្ស័យនឹងការងារដីធ្លីថា តើព្រហ្មលិខិតព្រមអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកមានដោយសារដីធ្លីដែរឬទេ?
ស្រដៀងគ្នានេះ នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ។ អ្នកដើរតួនាទីជាភ្នាក់ងារអចលនទ្រព្យ ត្រូវមានគុណសម្បត្តិចំនួន៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការដោយឆ្លាតវៃ។
អ្នកនាងបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។ អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង។
អ្នកនាងបន្តថា “ ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចបង្វឹកបាន ប៉ុន្តែសុច្ចរឹតភាព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់ ។ ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុងអាជីពនេះ” ៕
ប្រភព : www.propertyarea.asia