ភ្នំពេញ: ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា(SCA)បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់ព្រលានយន្តហោះ នៅខេត្តចំនួន៣ទៀតបានបន្ទាប់ពីក្រុមហ៊ុនទាំងនោះបានសិក្សាពីសក្តានុពលនៃបណ្តាខេត្តទាំងនោះរួច។
ប្រធានផ្នែកបង្កើនជើងហោះហើរ នៃអាកាសយានដ្ឋានកម្ពុជាលោកពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានជួយសិក្សាពីបណ្តាខេត្ត ដែលមានសក្តានុពលក្នុងការសាងសង់ ព្រលានយន្តហោះនៅទូទាំងប្រទេសរួចហើយ ដែលយើងបានចំណាយលើការសិក្សានេះដោយខ្លួនឯង។លោកបន្តថា ជាលទ្ឋផលយើងបានផ្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងស្រុកលើខេត្តចំនួនបី គឺខេត្តបាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ ប៉ុន្តែមិនមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។
លោកបន្តថា “ខេត្តទាំងបីនេះគួរមានព្រលានយន្តហោះ ដោយសារជាខេត្តមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ តែមានសក្តានុពលសេដ្ឋកិច្ចដែលអាចវិនិយោគសាងសង់ ព្រលានយន្តហោះបាន”។លោកបន្តថា“SCAគ្រប់គ្រងតែព្រលានយន្តហោះអន្តរជាតិទាំងបី ប៉ុន្តែបើសិនជារដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុន អាចវិនិយោគសាងសង់ព្រលានក្នុងស្រុក យើងនឹងសិក្សាពីរឿងនេះ”។
លោកពេជ្រ សុប៉ុនតារាបានបន្តថា ករណីខេត្តស្ទឹងត្រែងជាខេត្តស្ថិតនៅភូមិភាគឥសាន្ត ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក តែការធ្វើដំណើរឆ្ងាយនិងចំណាយ ពេលយូរ។ ហេតុនេះបើមានព្រលានយន្តហោះក្នុងស្រុកជាការប្រសើរ។
ចំណែកខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាជនមានជីវភាពល្អប្រសើរ ហេតុនេះ បើសិនជាខេត្តនេះមានព្រលានយន្តហោះ អាចចុះចតយន្តហោះក្នុងស្រុក ពិតជាប្រសើរផងដែរ។លោកបន្តថា រីឯខេត្តព្រះវិហារវិញ ជាខេត្តមានតំបន់ប្រាសាទ ពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក តែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់ប្រាសាទនេះ ហាក់មិនទាន់មានភាពល្អប្រសើរ និងសម្រួលការធ្វើដំនើរបានលឿននៅឡើយ។ ដូច្នេះការសាងសង់ព្រលានយន្តហោះរវាងខេត្តព្រះវិហារ ឬស្ទឹងត្រែងគួរតែជាជម្រើសមួយនាពេលខាងមុខ។
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានសិក្សាពីសក្តានុពលពីបណ្តាខេត្តនៅភូមិភាគឥសាន្ត ជាលទ្ឋផលការសិក្សាបានមើលឃើញខេត្តស្ទឹងត្រែង ជាខេត្តមានសក្តានុពលជាងគេ ដើម្បីរៀបចំសាងសង់ព្រលានយន្តហោះកម្រិតតំបន់។ ប៉ុន្តែរហូតមកទល់ពេលនេះ គំរោងនេះបានស្ងប់ស្ងាត់ទៅវិញ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ថា កន្លងមកតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយកគំរោងវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែង ដាក់បញ្ចួលក្នុងកញ្ចប់នៃគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន និងអាចអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជនវិនិយោគ បើសិនជាពួកគេចាប់អារម្មណ៍។
លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ គំរោងសាងសង់ឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង មិនទាន់មានពន្លឺអ្វីនៅឡើយទេ”៕
ប្រភព : www.propertyarea.asia