ភ្នំពេញ៖ ក្រសួងចំនួន៣និងស្ថាប័នពាក់ព័ន្ឋ បាននិងកំពុងរៀបចំឯកសារពាក់ព័ន្ឋដើម្បីដាក់ទៅកាន់អង្គការយូនេស្កូ ដើម្បីស្នើឲ្យអង្គការនេះបញ្ចូលទីក្រុងបាត់ដំបងជាទីក្រុងបុរាណមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើន។
ក្រសួងទាំងនោះមានដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ។
លោក កើត ពុទ្ធវរី នាយក វិទ្យាស្ថានជាតិទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងក្នុងសិក្ខាសាលាស្តីពី ការកសាងគោលនយោបាយទេសចរណ៍និរន្តរភាព និងទីក្រុងបេតិកភណ្ឌ ដែលរៀបចំដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកថា មុនឈានដល់ការស្នើ UNESCO ដាក់បញ្ចូលក្រុងបាត់ដំបងទៅជាទីក្រុងបុរាណ ការងារដំបូង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវប្រមូលឯកសារពាក់ព័ន្ធ មានប្រវត្តិ ខេត្ត ផ្ទះបុរាណ អគារបុរាណ និងវត្តបុរាណ ជាដើម ឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញទៅគេ។
លោកបន្តថា ជំហានបន្ទាប់ ក្រសួងពាក់ព័ន្ធនឹងអញ្ជើញប្រជាពលរដ្ឋ ដែលកំពុងរស់ នៅក្នុងផ្ទះបុរាណ ឬផ្ទះសល់ពីសម័យបារាំង មកពន្យល់ កុំឲ្យកែកុនផ្ទះខុសលក្ខណៈដើម ព្រោះថាបើរក្សារចនាបទដើម នឹងមានការទាក់ទាញ ហើយការងារពន្យល់ណែនាំនេះ គឺបានធ្វើជោគជ័យហើយ នៅ ក្នុងក្រុងក្រចេះ ដែលគ្រោងនឹងស្នើអង្គការ UNESCO ដាក់បញ្ចូលជាទីក្រុងបុរាណរបស់ពិភពលោកផងដែរ។
អភិបាលរងខេត្តនបាត់ដំបង លោក ហឿង សុគន្ធ បានមានប្រសាសន៍ថា ដើម្បីឲ្យសម្រេចបាននូវគោលនយោបាយទេសចរណ៍និរន្តរភាព និងទីក្រុងបាត់ដំបង ជាទីក្រុងបេតិកភណ្ឌពិភពលោកនោះ គឺទាមទារឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ជួយសហការគ្នាអនុវត្តឲ្យបាន ឲ្យស្របតាមសូចនាករ ដែលបានកំណត់។
លោកបន្តថា “សន្តិភាព សាមគ្គីភាព ការរួបរួមគ្នា នឹងនាំឲ្យអាចសម្រេចបានជោគជ័យគ្រប់ភារកិច្ច ហើយការបញ្ចូលឈ្មោះទីក្រុងបាត់ដំបង ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាកិត្តិយសដ៏ប្រពៃមួយសម្រាប់ខេត្ត វាក៏ជាការផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យស្គាល់ពីបាត់ដំបង។
ក្នុងក្រុងបាត់ដំបង មានសល់ផ្ទះបុរាណ សំណង់អគារសម័យបារាំង ព្រមទាំងវត្តបុរាណជាច្រើន ដែលបេតិកភ័ណ្ឌទាំងអស់នេះ គឺជាតឹកតាងបង្ហាញថា ទីក្រុងបាត់ដំបង មានអាយុកាលច្រើនឆ្នាំ និងមានប្រវត្តិទាក់ទងច្រើនក្នុងប្រវត្តិសាស្ត្រខ្មែរ។
រយៈពេល៩ខែ ឆ្នាំនេះខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរ ជាង៤០ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ មានការកើនឡើងចំនួន៧.៨៩ភាគរយ៕
ប្រភព : Property area