ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន៥ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន១៦៣លានដុល្លារ និងអាចបង្កើតការចំនួនជាងជិត២ពាន់កន្លែងនៅកម្ពុជា។
យោងតាម facebook pageទំព័រ CDC បានឲ្យដឹងថា ក្រុមហ៊ុនដែលបានទទួលការអនុម័តពីគណកម្មកាវិនិយោគរបស់ CDC បានឲ្យដឹងថា ក្រុមហ៊ុនទាំង៥នោះរួមមាន ក្រុមហ៊ុន “SCHNEITEC RENEWABLE CO.,LTD.” ដែលមានគម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥៨,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៥កន្លែង។
ទី២ ក្រុមហ៊ុន “LING XIU INT’L CO.,LTD” ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៣៣កន្លែង។ ទី៣ ក្រុមហ៊ុន “CATH PHARMA CO.,LTD.”ដែលមាន គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។
ទី៤ ក្រុមហ៊ុន “SAIER (CAMBODIA) GARMENT CO.,LTD.” ដែលគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.០២៥កន្លែង។ និងទី៥ក្រុមហ៊ុន “HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៩១កន្លែង៕
ប្រភព : Property area