ភ្នំពេញៈ ផ្សារទំនើប NORO MALLដែលបោះទុនវិនិយោគតម្លៃ៩,៣លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុន NORO MALL CO.,LTD បានទទួលការអនុម័តពីគណកម្មការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្សារទំនើប NORO MALL នេះស្ថិតនៅលើមហាវិថីព្រះនរោត្តម ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។
ផ្សារទំបនើបនេះមានសេវាកម្មចម្រុះ ដូចជា រោងភាពយន្ត ហាងនំ ភោជនីយដ្ឋាន ហាងកាហ្វេ ព្រមទាំងមានកន្លែងកម្សាន្តដ៏សម្បូរបែបដើម្បីបំរើជូនដល់អតិថិជនទាំងក្នុង និងក្រៅស្រុក។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ជាក្រុមហ៊ុនដើរតួនាទីជាភ្នាក់ងារជួលផ្តាច់មុខនៃគំរោងនេះ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំនេះ ប៉ុន្តែការសាងសង់អាចមិនទាន់ពេលវេលា។ហេតុនេះគំរោងនេះនឹងបើកដំណើរការនៅឆ្នាំ២០១៩ខាងមុខ បើសិនមិនមានការប្រែប្រួលទេនោះ។
អ្នកនាងបន្តថា “ផ្សារទំនើបនៅកម្ពុជាមានកំនើនខ្ពស់ ដោយសារការវិនិយោគផ្សារទំនើបទទួលបានផលចំណេញពីការវិនិយោគខ្ពស់ ធៀបនឹងគំរោងវិនិយោគដទៃទៀត ប៉ុន្តែអ្នកវិនិយោគផ្សារទំនើប ត្រូវតែធ្វើបច្ចុប្បន្នភាពគំរោងរបស់ខ្លួនរៀងរាល់៥ឆ្នាំម្តង ដើម្បីធ្វើឲ្យគំរោងរបស់ពួកគេនៅតែទាក់ទាញ”។ អ្នកនាងបន្តថា គំរោងផ្សារទំនើបកើនឡើង ដោយសារការរីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា ប៉ុន្តែបើផ្សារកើនឡើងកាន់តែច្រើនថែមទៀត ចំនួនផ្សារទំនើបអាចលើសតម្រូវការ”៕
ប្រភព : www.propertyarea.asia