ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានអះអាងថា គំរោងវិនិយោគរបស់ចិនមួយចំនួននៅកម្ពុជាកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងប្រទេសចិន។
ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងរបស់ចិននៅកម្ពុជា ប្រមាណ៣០ភាគរយបានរងផលប៉ះពាល់ ដោយសារសង្គ្រាមពាណិជ្ជកម្មនេះ ក្នុងនោះគំរោងខ្លះបានផ្អាកការសាងសង់ និងមួយចំនួនទៀតពួកគេកំពុងផ្អាកគំរោងសាងសង់របស់ខ្លួន ។ លោកបន្តថា ផ្សារហ៊ុនរបស់ចិនបានបន្តដាំក្បាលចុះ ធ្វើឲ្យក្រុមហ៊ុនចិនដែលបានចុះបញ្ជីរក្នុងផ្សារហ៊ុនបានរងការខាតបង់យ៉ាងដំណំ។
ជាក់ស្តែងគំរោង SINO PLAZA , SKY VILLA, SINA PLAZA, គំរោងសណ្ឋាគាររបស់ក្រុមហ៊ុន GREENLAND GROUP នៃគំរោង THE I.D RIVIERA ជាដើមបានផ្អាកការសាងសង់និងកែប្រែគំរោងរបស់ខ្លួន។
ទោះជាយ៉ាងណាអ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា អ្នកនាងមើលឃើញថាគំរោងវិនិយោគរបស់ចិននៅកម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ សម្រាប់ក្រុមហ៊ុនល្អពួកគេនៅតែបន្តសកម្មសាងសង់ ប៉ុន្តែក្រុមហ៊ុនដែលមានបញ្ហានៅតែមានបញ្ហា។
អ្នកនាងបន្តថា “មិនមានអ្វីគួរឲ្យបារម្ភឬគំរោងណាមួយមានបញ្ហានោះទេ គំរោងរបស់ចិននៅតែបន្តវិនិយោគនៅកម្ពុជា។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទោះជាមានបញ្ហាបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិកក្តី ក៏គំរោងរបស់ចិនមិនបានផ្លាស់ប្តូរនៅកម្ពុជានោះទេ អ្នកវិនិយោគចិននៅតែបន្តសកម្មភាពវិនិយោគ ហើយអ្នកវិនិយោគថ្មីៗនៅតែបន្តចូលមកកាន់កម្ពុជា។
លោកបន្តថា “មិនមានសញ្ញាណាមួយបង្កហានិភ័យ ដល់គំរោងវិនិយោគរបស់ចិននោះទេ តែលោកទទួលស្គាល់ថាទីផ្សារភាគហ៊ុនចិនបានធ្លាក់ចុះពិតប្រាកដ។
ប្រាក់យ័នរបស់ចិនបានធ្លាក់ចុះជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយតម្លៃប្រាក់យ័នបានកើនឡើង៦,៩៧ដុល្លារ ធៀបនឹងប្រាក់មួយដុល្លារអាមេរិក ហើយតាមអ្នកជំនាញបានលើកឡើងថា តម្លៃប្រាក់យ័នចិននឹងបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនជាសង្គ្រាមពាណិជ្ជកម្មនៅតែបន្តអូសបន្លាយ៕
ប្រភព : Property area