Register Already an agent ? Login

សាលពិព័រណ៍តម្លៃ១០លានដុល្លារបានបើកសម្ពោធនៅភាគខាងជើងរាជធានី

ភ្នំពេញ : សាលពិព័រណ៍ និងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ខ្នាតអន្តរជាតិ ដែលអាចផ្ទុក​មនុស្សរហូតដល់៥០០០នាក់ និងបោះទុនវិនិយោគតម្លៃ១០លានដុល្លារ​បានបើក​សម្ភោធនៅ​ភាគខាងជើងរាជធានីភ្នំពេញ។

លោក មាន សំអុល នាយកគ្រប់គ្រងទូទៅនៃ ដឹព្រីមៀសេនធ័រ សែនសុខ បានឲ្យ​ដឹង​នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា បន្ទាប់ពីចាប់ផ្តើមបើកទទួលការកក់សម្រាប់រៀបចំកម្មវិធី​អាពាហ៍ពិពាហ៍តាំងពីដើមឆ្នាំ២០១៨មក អាគារនេះទទួលបានការចាប់អារម្មណ៍​យ៉ាងច្រើនពីអតិថិជន ដោយទទួលការកក់ចំនួនរហូតដល់៥០០ដង ស្មើនឹង២៣៨គូ។ ក្នុងនោះមានគូស្វាមីភរិយាថ្មីចំនួន៧គូ ដែលនឹងសម្ពោធអគារថ្មីនេះ ទាំងមូលនាថ្ងៃ​ទី១១ វិច្ឆិកាខាងមុខ។

លោកបន្តថា “អាគារថ្មីនេះអាចរៀបចំកម្មវិធីផ្សេងៗជាច្រើន ក្នុងតម្លៃសមរម្យបំផុត ដែលអាចទទួលភ្ញៀវតាមតម្រូវការទាំងអស់ ហើយលក្ខណៈពិសេសនៃអគារមាន​ភាព​ច្នៃប្រឌិត ស្រស់ស្អាត និងអាចដាក់មនុស្សបានចំនួនរហូតដល់៥ពាន់នាក់ និងមាន​ចំណត​ធំទូលាយសម្រាប់ដាក់រថយន្ត និងម៉ូតូបានចំនួន២ពាន់គ្រឿង”។

លោក សំអុល បានបន្តថា ការចំណាយទឹកប្រាក់ដ៏ច្រើន ក្នុងការសាងសង់អគារថ្មីនេះ​ឡើង ដោយផ្អែកលើភាពទាន់សម័យរបស់ប្រជាជនកម្ពុជា ពិសេសភាពរីកចម្រើន និងការអភិវឌ្ឍដ៏ល្អរបស់ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ប្រភព : Property area