ភ្នំពេញ៖ ក្រុមហ៊ុនចិនធំមួយគ្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងប្រែក្លាយខេត្តកំពតឲ្យក្លាយជាទីក្រុងទំនើបមួយ ដូចជាខេត្តស៊ិនចូវប្រទេសចិន បន្ទាប់ពីបានសិក្សានិងសម្លឹងឃើញសក្តានុពលរបស់ខេត្ត។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព៌តមាន បន្ទាប់ពីជួបពិភាក្សាការងារជាមួយលោក ជាវ តាយ អភិបាលខេត្តកំពតកាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ លោកហុង ងៀន ប្រធានប្រតិភូចិន និងជាស្ថាបនឹកក្រុមហ៊ុនសៀងហៃ ហុងងៀនក៏បានប្រាប់ឲ្យដឹងអំពីគោលបំណង នៃទស្សនៈកិច្ចរបស់ខ្លួនថា ក្រោយបានជួបពិភាក្សារួច ក្រុមហ៊ុនមានបំណងមកដាក់ទុនរកស៊ីនៅខេត្តកំពត និងមានមហិច្ឆតាចង់ប្រែក្លាយខេត្តកំពត ជាតំបន់សេដ្ឋកិច្ចពិសេស ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា និងជួយជំរុញផ្នែកសេដ្ឋកិច្ច ពោល គឺចង់អោយមានការអភិវឌ្ឍជឿនលឿន ដូចនៅក្នុងខេត្តស៊ិន ចូវប្រទេសចិន ឬក៏ដូចនៅសិង្ហបុរី ព្រោះតាមការសំឡឹងមើលនៅកម្ពុជា ពុំទាន់មានគម្រោងដូចនេះនៅឡើយទេ។
លោកហុង ងៀន បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងវិនិយោគវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ព្រលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន កំពតភ្នំពេញ-កំពតខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀត។ ប្រធានប្រតិភូក្រុមហ៊ុនវិនិយោគចិន ក៏ស្នើអោយអាជ្ញាធរខេត្ត ឬជំនាញពាក់ព័ន្ធ មានការសហការគាំទ្រ ព្រមទាំងថែមការធានាទាំងសន្តិសុខ និងផ្លូវច្បាប់គ្រប់គ្រាន់ផងដែរ។
លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានសុខសន្តិភាព និងការធានាស្ថេរភាពនយោបាយ ព្រមទាំងការធានាផ្លូវច្បាប់គ្រប់គ្រាន់ពេញលេញ សម្រាប់អ្នកវិនិយោគនានាទាំងក្នុង និងក្រៅស្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ម្រោងធំៗដូចនេះ ក្រោយពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគហើយ គម្រោងនេះនឹងត្រូវដាក់ឆ្លងទៅក្រុមប្រឹក្សាអភិវឌ្ឍជាតិ (CDC) ឬក៏រាជរដ្ឋាភិបាលនិង រដ្ឋសភាជាអ្នកសម្រេច។
ទោះជាយ៉ាងណាគម្រោងដ៏ធំមួយនេះ នៅមិនទាន់បានពិភាក្សាលំអិតនៅឡើយថា តើនឹងជ្រើសយកតំបន់ណានៃខេត្តកំពត ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបទំនើប ដែលរួមមានក្រុង អគារទំនើប រោងចក្រ កំពង់ផែ ព្រលានយន្តហោះ និងកន្លែងទេសចរហើយក្រុមហ៊ុនក៏មិនទាន់ប្រកាសឲ្យដឹងអំពីទំហំ នៃការវិនិយោគដែលគ្រោងចំណាយប៉ុន្មាននៅឡើយដែរ៕
ប្រភព : Propery area