ភ្នំពេញ : អភិបាលខេត្ដព្រះសីហនុ លោក យន្ត មីន បានអះអាងថា វិនិយោគ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ដោយបានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមជាតិឲ្យមានល្បឿនលូតលាស់លឿន។
ខេត្ដព្រះសីហនុរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ មានការវិនិយោគជាច្រើនមក លើគម្រោងធំសំខាន់ៗ រួមមាន ទី១ វិនិយោគ និងអភិវឌ្ឍន៍ឧស្សាហកម្មវាយណភ័ណ្ឌ។ ទី២ ការអភិវឌ្ឍលើវិស័យសំណង់ និងអចលនទ្រព្យ។ និងទី៣ វិនិយោគលើគម្រោងសណ្ឋាគារ និងវិស័យទេសចរណ៍។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងថា “ការវិនិយោគរបស់ក្រុមហ៊ុនជាតិ-អន្ដរជាតិ ស្របច្បាប់ទាំងអស់ ដែលមានបំណងមកដាក់ទុនវិនិយោគរកស៊ី នៅខេត្ដជាប់មាត់សមុទ្រមួយនេះ ត្រូវបានស្វាគមន៍”។លោកបញ្ជាក់ថា “រដ្ឋបាលខេត្តស្វាគមន៍ចំពោះអ្នកវិនិយោគ ឬក្រុមហ៊ុនវិនិយោគទាំងអស់ មិនថាមកពីប្រទេស ចិន អឺរ៉ុប អាមេរិក ឬអាហ្វ្រិក ជាដើម។ល។ ឲ្យតែគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា”។
រយៈកាលជាង២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ពិសេសប្រទេសចិន ហើយសព្វថ្ងៃនេះ បាននិងកំពុងធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។ ការវិនិយោគ បានផ្តល់ផល ប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ ដូចជា បង្កើតការងារឲ្យប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុកដោយគ្រោះថ្នាក់ ចំណូល ពន្ធរដ្ឋ ធ្វើឲ្យកើនឡើងនូវហេដ្ឋារចនាសម្ព័នផ្សេងៗជាច្រើន។ ជាក់ស្ដែងការវិនិយោគនៅខេត្ដព្រះសីហនុ មានអគារខ្ពស់ៗ ប្រមាណជិត២០០អគារ ដែលកាលពីមុន ខេត្ដនេះមានតែអាគារខ្ពស់តែមួយគត់ គឺសណ្ឋាគារ៧ជាន់ (សណ្ឋាគារឯករាជ្យ)។
ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូល សេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលសក្ដានុពលសំខាន់ៗ មានលក្ខណៈពិសេសៗដូចជា -ផ្ទៃដីនៅធំ ទូលាយសម្រាប់ការវិនិយោគរោងចក្រសហគ្រាសផ្សេងៗ។ល។
មានប្រព័ន្ធគមនាគមន៍សម្បូរបែប សម្រាប់ការធ្វើដំណើរ សេវាកម្មដឹកជញ្ជូនទំនិញ តាមផ្លូវគោក ទឹក (កំពង់ផែសមុទ្រទឹកជ្រៅ) ដែក និងផ្លូវអាកាស។ វិស័យឧស្សាហកម្ម មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤កន្លែង មានរោងចក្រសហគ្រាសប្រមាណជិត៧០០កន្លែង។
វិស័យទេសចរណ៍ មានឆ្នេរសមុទ្រស្អាត ជាងគេលើពិភពលោក ប្រវែងជាង១៧៥គីឡូម៉ែត្រ មានកោះតូចធំចំនួន៣២។ ម្យ៉ាងវិញទៀតអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ការអនុវត្ដច្បាប់បានល្អប្រសើរ៕
ប្រភព : Property area