ភ្នំពេញ: ក្រុមហ៊ុនអនិកជនកម្ពុជានៅក្រៅប្រទេស(OCIC) បាននិងកំពុងត្រៀមសាងសង់ស្ពានយោងដោយខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់ស្ថិត ក្នុងទីក្រុងរណបជ្រោយចង្វារនៅដើមឆ្នាំ២០១៩ខាងមុខនេះ។
អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ តុលានេះថា ការពន្យាពេលសាងសង់ស្ពាននេះ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានឲ្យក្រុមហ៊ុនសិក្សាជម្រើសថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅពេលស្ពាននេះសាងសង់។លោកបន្តថា ពេលនេះយើងមានជម្រើសមួយឬពីរហើយ សម្រាប់ជ្រើសរើស មុនសម្រេចចិត្តបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
លោកបន្តថា“ការបើកការដ្ឋានសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ខាងមុខនេះ ជាពេលរដូវទឹកសម្រកក្នុងរដូវប្រាំងខាងមុខ”។
តាមគំរោងស្ពាននេះ នឹងសាងសង់ជាប្រភេទស្ពានយោងដោយខ្សែកាបនេះ នឹងមានប្រវែងជាង៥០០ម៉ែត្រ និងចំណាយថវិកាសាងសង់៣៥លានដុល្លារអាមេរិក ដែលបានមកពីគំរោងជួលដីទីក្រុងរណបជ្រោយចង្វាររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនOCIC។
លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទសផ្នែកនគរូបនីយកម្មបានថ្លែងថា ការសាងសង់ស្ពានវាជាជម្រើសល្អប្រសើរមួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។
លោកបន្តថាតំបន់នេះមានចរាចរណ៍មមាញឹក ហេតុនេះការសាងសង់ស្ពានថ្មីបន្ថែមទៀត ពិតជាអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះបាន៕
ប្រភព : Property area