ភ្នំពេញ៖ តំលៃដីធ្លីនៅក្នុងខេត្តកំពតកំពុងតែកើនឡើងយ៉ាងកំហុក ដោយសារមានអ្នកវិនិយោគជាតិ និងអន្តរជាតិបាននិងកំពុងសម្រុក វិនិយោគទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ រម្មណីយដ្ឋានទេសចរណ៍ និងបឹងកាឡូដិ៍ ជាច្រើននៅក្នុងខេត្តមួយនេះ។
លោក ផុន បញ្ញា ប្រធានក្រុមហ៊ុន 5Bright Sibling Construction Co,.td. ដែលកំពុងវិនិយោគលើវិស័យ សំណង់លំនៅដ្ឋានក្នុងខេត្តកំពត បានអោយដឹងនាព្រឹកថ្ងៃទី២៧ តុលានេះថា តម្លៃដីធ្លីនៅក្នុងខេត្តកំពតកើនឡើង៥ ទៅ១០ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពី១០០ដុល្លារ ទៅ៤០០ ឬ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់ទីប្រជុំជន និងតម្លៃ២០ទៅ២៥ដុល្លារក្នុងម៉ែត្រការ៉េ ក្នុងតំបន់មាត់ព្រែក និងជាយក្រុង។
លោកបន្តថា “រមណីយដ្ឋានទាំងខ្នាតតូច និងខ្នាតទាំងធំ បានកើនឡើងប្រហែលជា៥០កន្លែង និងការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងស្នាក់នៅផ្សេងៗទៀត ក៏កើនឡើងដូចគ្នា ដើម្បីឆ្លើយតបទៅនឹងកំនើនទេសចរណ៍ និងប្រជាជន។ លោកបញ្ជាក់ទៀតថា “ការកើនឡើងនេះ ដោយសារតែអ្នកទេសចរណ៍ក្នុង ស្រុកជាច្រើនបានបង្វែរទិសមកលេងកម្សាន្តក្នុងខេត្ត មាត់សមុទ្រមួយនេះ ខណៈកំណើនទេសចរណ៍ទៅលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុបានថយចុះ និងជួបវិបត្តិមួយចំនួន។
លោក ជាវ តាយ អភិបាលខណៈអភិបាលខេត្តកំពតអោយដឹងថា ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ គឺជាការងារចាំបាច់បំផុតសម្រាប់ប្រទេស ក៏ដូចជា ខេត្តកំពត ព្រោះឧស្សាហកម្មមួយនេះ បានផលប្រយោជន៍ច្រើនដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានឆ្លើងតបទៅនឹងកំណើន សេដ្ឋកិច្ចតាមរយៈការកៀងគរ ឲ្យមានកំណើនភ្ញៀវទេចរណ៍មកលេងក្នុងខេត្តកំពត កាន់ច្រើនសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា ខេត្តកំពត គឺជាខេត្តមួយមានសក្តានុពល ក្នុងវិស័យទេសចរណ៍ជាច្រើន ទាំងទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងសហគមន៍ទេសចរណ៍ ដែលទាំងនេះ គឺជាគោលដៅទាក់ទាញកំរិតខ្ពស់។ ហើយតំបន់គោលដៅទេសចរណ៍ទាំងអស់នោះ អាជ្ញាធរខេត្ត រួមនឹងវិស័យឯកជន ក៏កំពុងបានជំរុញយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍបន្ថែម សំដៅធ្វើអោយភ្ញៀវទេសចរណ៍ជាតិ និងបរទេសមកទស្សនាកម្សាន្ត នៅក្នុងទឹកដីខេត្តកំពត មានការកើនឡើងជាបន្តបន្ទាប់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរពិតប្រាកដ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរសរុបចំនួនជាង១,៣លាននាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួនជិតមួយលានពីរសែននាក់ និងភ្ញៀវអន្តរជាតិជាងដប់បួនម៉ឺននាក់ ពោលគឺមានការកើនឡើងខ្ពស់បើធៀបឆ្នាំ២០១៧កន្លងទៅ៕
ប្រភព : Property area