Register Already an agent ? Login

ព្រលានយន្តហោះខេត្តព្រះសីហនុនឹងចាប់ផ្តើមពង្រីកនៅដើមឆ្នាំ២០១៩

ភ្នំពេញ : ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមពង្រីកនៅដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បីឆ្លើយតបកំនើនអ្នកដំណើរ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ប្រធានផ្នែកបង្កើនការហោះហើរនៃអាកាសយានដ្ឋានកម្ពុជា លោកពេជ្រ សុប៉ុនតារាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៥ តុលានេះថា បច្ចុប្បន្នព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុមានប្រវែងផ្លូវរត់២៥០០ម៉ែត្រ ប៉ុន្តែយើងនឹងពង្រីករហូតដល់៣៥០០ម៉ែត្រនៅឆ្នាំ២០១៩ខាងមុខនេះ។ លោកបន្តថា ការពង្រីកនេះនឹងចាប់ផ្តើមនៅខែមិនា និងបញ្ចប់នៅខែតុលាខាងមុខនេះ។

លោកបន្តថា “បច្ចុប្បន្នព្រលានយន្តហោះនេះ មានក្រុមហ៊ុនអាកាសចរណ៍ចុះចតជាប្រចាំចំនួន៧ក្រុមហ៊ុន និងមានការហោះហើរជាលក្ខណៈជួលប្រចាំថ្ងៃជាច្រើនទៀត”។លោកបន្តថា “យើងរំពឹងថាព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុនឹងទទួលបានភ្ញៀវឆ្លងកាត់ប្រមាណ៧០ម៉ឺននាក់នៅឆ្នាំនេះ”។

លោកពេជ្រ សុប៉ុនតារាបានបន្តឲ្យដឹងថា ទំហំព្រលានកងកេង ដែលមាននាពេលបច្ចុប្បន្នមានប្រវែង និងសមត្ថភាពចុះចតយន្តហោះប៉ុនគ្នា នឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ ប៉ុន្តែនៅពេលពង្រីកចប់នៅឆ្នាំ២០១៩ ផ្លូវរត់របស់ព្រលាននេះគឺមានទំហំដូចគ្នា នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្ននេះ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្ន អាចទទួលការចុះចតរបស់យន្តហោះប្រភេទBoing៧៤៧-៨០០ ដែលជាប្រភេទយន្តហោះ អាចផ្ទុកអ្នកដំណើរបានជាង៤០០នាក់។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាសន៍ថា ទន្ទឹមនឹងការវិនិយោគជាបន្តបន្ទាប់ លោកគិតថាព្រលានយន្តហោះក្រុងភ្នំពេញ និងខេត្តសៀមរាប មានទំហំសមស្របនឹងចំនួនអ្នកដំណើរឆ្លងកាត់ ប៉ុន្តែព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានទំហំកន្លែងទទួលភ្ញៀវនៅតូចនៅឡើយ ដែលរដ្ឋាភិបាលគួរវិនិយោគបន្ថែមលើផ្នែកនេះ ដើម្បីឆ្លើយតបនឹងកំនើនអ្នកដំណើរកើនឡើងជាប្រចាំ។

លោកបន្តថា “ប្រសិនជាក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ ពង្រីកបន្ថែមទៀត វាជាការប្រសើរ ជាជាងខ្វះកន្លែងចុះចតទើបយើងពង្រីកវាជាការលំបាកមួយ”៕

ប្រភព : Property area