ភ្នំពេញ៖ ស្ពានវែងទី១នៃគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលឆ្លងកាត់កោះអន្លង់ចិនទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបាននិងកំពុងត្រៀមដំណើរការសាងសង់ហើយ។
អភិបាលនៃគណអភិបាលខេត្តកណ្តាល លោកម៉ៅ ភិរុណបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ តុលានេះថា គម្រោងស្ពាននេះបាននិងកំពុងស្ថិតក្នុងដំណាក់កាលសិក្សាដោយក្រុមហ៊ុនចិននៅឡើយ ដែលការសិក្សានេះអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ មុនពេលសាងសង់ដែលអាចចាប់ផ្តើមនៅដើមឆ្នាំ២០១៩ខាងមុខនេះ។លោកបន្តថា ក្រៅពីគំរោងសាងសង់ស្ពាននេះ ក៏មានការសាងសង់ផ្លូវដើម្បីតភ្ជាប់ស្ពាននេះឲ្យមានភាពស្រស់ស្អាតផងដែរ។
តាមគំរោងស្ពាននេះតភ្ជាប់រវាងផ្លូវជាតិលេខ១ នៅចំណុចឃុំសិត្បូត៍ ក្រុងតាខ្មៅ ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។
លោក ម៉ៅ ភិរុន បានបន្តថា ស្ពាននេះមានសារៈសំខាន់ណាស់ ព្រោះវាស្ថិតក្នុងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការពង្រីកការដឹកជញ្ជូន និងសមាហរណកម្មសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសបង្ខិតការអភិវឌ្ឍន៍នៅមូលដ្ឋានកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ។
ទោះជាយ៉ាងណាលោកនូ វឌ្ឍនៈអគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអះអាងផ្ទុយពីនេះ ដោយលោកបានមានប្រសាសន៍ថា ស្ពាននេះបានសិក្សាចប់ហើយ និងកំពុងដំណើរការរៀបចំសាងសង់ជាបណ្តើរៗហើយ ដោយស្ពាននេះមានពីរ គឺមួយតភ្ជាប់ពីឃុំសិត្បូត៍ ទៅកាន់កោះអន្លង់ចិនដែលមានប្រវែង៣៦៦ម៉ែត្រ និងមួយទៀតតភ្ជាប់ពីកោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយមានប្រវែង៦៣០ម៉ែត្រ។
លោកបន្តថា “ស្ពាននេះបាននិងកំពុងសាងសង់ហើយ វាជាផ្នែកមួយនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣។
គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដែលមានប្រវែងផ្លូវសរុបជាង៤៦គីឡូម៉ែត្រ និងគ្រោងចំណាយទឹកប្រាក់សាងសង់២៥៩លានដុល្លារអាមេរិក។
ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលលោកសាវីបានមាប្រសាសន៍ឲ្យដឹងផងដែរថា លោកបានឃើញចិនចាប់ផ្តើមដាក់គ្រឿងចក្រ ដើម្បីចាប់ ផ្តើមដំណើរការសាងសង់ស្ពាននេះហើយ ដោយចិនបានជួលដីអ្នកភូមិដាក់គ្រឿងចក្ររហូតដល់៣០០០ដុល្លារក្នុងមួយខែ។
លោកបន្តថា “សកម្មភាពរបស់ក្រុមអ្នកជំនាញចិនកំពុងមមាញឹក លើការដ្ឋានស្ថាបនាស្ពានដ៏សំខាន់នេះ៕
ប្រភព : Property area