ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានដាក់ផែនការរៀបចំកែលំអអាកាសយានដ្ឋានចំនួន៣កន្លែង ដើម្បីត្រៀមខ្លួនបំរើដល់កំណើន ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរណ៍អន្តរជាតិដទៃទៀតសម្រាប់បណ្តាឆ្នាំខាងមុខ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ តុលាកន្លងមកថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការពង្រីកគោលដៅ អាកាសយានដ្ឋានដូចជានៅភ្នំពេញ និងខេត្តព្រះសីហនុ បើសិនភ្ញៀវចិនន្តមានកំនើនខ្ពស់ថែមទៀតនោះ គឺគំរោងស្ថាបនាព្រលានយន្តនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងចាប់ផ្ដើមសាងសង់ឡើងថែមទៀត។
លោកបន្តថា “កម្ពុជាមានទិសដៅទទួលភ្ញៀវទេសចរចិនឱ្យបាន២លាននាក់ នៅក្នុងឆ្នាំ២០២០ខាងមុខ ក៏ប៉ុន្តែយោងតាមសន្ទុះភ្ញៀវទេសចរចិន ដែលមកលេងកម្ពុជាពេលបច្ចុប្បន្ន គឺអាចកើនលើសពីចំនួននេះទៅទៀត។
ក្រសួងទេសចរណ៍បានរៀបចំទាក់ទាញទេសចរចិន តាមរយៈការចេញសៀវភៅស និងការបង្កើតផ្ទះសំណាក់ប្រភេទ Home stay តំបន់ទេសចរណ៍ធម្មជាតិ និងបាតសមុទ្រ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកប៉ាក សុខុមធ្លាប់មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះទីផ្សារទេសចរណ៍ចិន មានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក រួមទាំងកម្ពុជា ហើយនៅឆ្នាំ២០២០អ្នកទេសចរចិន នឹងចេញកំសាន្តក្រៅប្រទេសប្រមាណ២០០លាននាក់ឬច្រើនជាងនេះ ហើយអាចនឹងចំណាយប្រាក់ប្រមាណ៤២០ប៊ីលានដុល្លារអាមេរិក ។
លោកបន្តថា នៅឆ្នាំ២០៣០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោកប្រមាណ៣០០លាននាក់ទៅ៥០០លាននាក់ ហើយការចំណាយប្រាក់កើនដល់ប្រមាណ៨៥០ពាន់លានដុល្លារអាមេរិក៕
ប្រភព : Property area