Register Already an agent ? Login

ដំណឹង​រីករាយ! កម្ពុជា​នឹងមាន​ផ្លូវ​រថភ្លើង​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប – ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅ​បាវិត

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​អនាគត​កម្ពុជា​នឹងមាន​រថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក ស៊ុន ចាន់ថុល បាន​បន្ត​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ឯកជន កំពុងតែ​សិក្សា​ទៅលើ​គ​ម្រោ​វិនិយោគ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក​ម្រឹត​ស្តង់ដារ​អន្តរជាតិ​ចំនួន2ខ្សែ ដោយ​ខ្សែ​ទី1 ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​សៀមរាប និង​បន្ត​ទៅដល់​ព្រំដែន​កម្ពុជា-ថៃ ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក ស៊ុន ចាន់ថុល

លោក​បន្តទៀតថា បច្ចុប្បន្ន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា មិនអាច​រត់​ក្នុង​ល្បឿន​លឿន​នៅឡើយ​ទេ ដោយសារ​មិនទាន់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ពោលគឺ​ប្រវែង​ទទឹងផ្លូវ​មាន​ត្រឹមតែ១ម៉ែត្រ។ ប្រសិនបើ​ចង់​រត់​ក្នុង​ល្បឿន​លឿន​ត្រូវ​ពង្រីក​ឲ្យ​បាន១.៤៣៥ម៉ែត្រ​ទើប​ស្របតាម​ស្តង់ដារ​អន្តរជាតិ។ ដូច្នេះហើយ​ទើប​មាន​ក្រុមហ៊ុន​ឯកជន ស្នើសុំ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប ហើយ​បន្តទៅ​ក្រុង​ប៉ោយប៉ែត និង​ទៅ​ក្រុង​បាវិត ដែលមាន​ទទឹងផ្លូវ​ប្រវែង១.៤៣៥ម៉ែត្រ។

ទោះជា​យ៉ាងណាក្ដី រដ្ឋាភិបាល​នៅ​មិនទាន់​ឯកភាព​នៅឡើយ ប៉ុន្តែ​ប្រសិន​ក្រុមហ៊ុន​ឯកជន​សាងសង់​ផ្លូវដែក​ជា​ប្រភេទ BOT នោះ​ប្រាកដជា​ឯកភាព​មិន​ខាន។

រថភ្លើង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានលទ្ធភាព​សាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​និង​ខ្សែ​រថភ្លើង​ត្រឹម​ល្បឿន​មធ្យម ជាក់ស្តែង​ដូចជា ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មាន​ល្បឿន​ត្រឹម60គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយឡែក សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន2ខ្សែ ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​សៀមរាប-ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​បាវិត គឺមាន​ល្បឿន100-200គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រភព : Property area