ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្តាលបានរៀបចំប្លង់គោល ដើម្បីបើកផ្លូវក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង ដែលស្ថិតនៅកៀករាជធានីភ្នំពេញជាងគេនេះរួចហើយ ដែលវាជាផែនទីបង្ហាញពីផែនការអភិវឌ្ឍន៍ច្បាស់លាស់មួយ។
យោងតាមលិខិត ដែលមានការចុះហត្ថលេខារបស់អភិបាលខេត្តកណ្តាលផ្ញើរជូនអភិបាលក្រុងតាខ្មៅ និងមេឃុំ ចៅសង្កាត់នានាក្នុងខេត្តកណ្តាលបានឲ្យដឹងថា សមិទ្ឋិផលជាប្រវត្តិសាស្ត្រ នៃប្លង់គោលប្រើប្រាស់ដីធ្លីក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសេចក្តីសម្រេចលេខ០២សសរ ចុះថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ ដើម្បីជួយគាំទ្រ និងជំរុញដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ឋិភាពនិរន្តរភាពសម្រាប់គ្រប់សម័យកាល។
លិខិតដដែលបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តន៍ដោយសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពពាក់ព័ន្ឋលើចំណុចសំខាន់ៗរួមមាន ទី១ ធ្វើការផ្សព្វផ្សាយអំពីប្លង់គោលប្រើប្រាស់ដីធ្លី ក្រុងតាខ្មៅ ដល់មហាជន និងអ្នក ពាក់ព័ន្ឋឲ្យបានទូលំទូលាយ ទី២ លើកគំរោងនិងរៀបចំផែនការអភិវឌ្ឍនានាដោយយោងលើប្លង់គោលប្រើប្រាស់ដីធ្លីក្រុងជាគោលគ្រឹះ ។
ទី៣ ទប់ស្កាត់រាល់ការសាងសង់ និងអភិវ ឌ្ឍន៍ដី ដែលមិនគោរពតាមច្បាប់ និងផ្ទុយពីខ្លឹមសារប្លង់គោលប្រើប្រាស់ដីដែលបានកំណត់ ទី៤ បន្តកសាងផែនការប្រើប្រាស់ដីនៅតាមគ្រប់ឃុំ សង្កាត់ និងធ្វើការតាមដាន ត្រួតពិនិត្យ សិក្សា កែសម្រួល និងវាយតម្លៃប្រសិទ្ឋភាពនៃការអនុវត្តប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ និងទី៥ ត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ក្នុងរយៈពេល៥ឆ្នាំម្តង តាមករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្ម និងជាអ្នកដឹកនាំការរៀបចំប្លង់គោលក្រុងតាខ្មៅ និងបណ្តាស្រុកនានាទូទាំងខេត្តកណ្តាលបានមានប្រសាសន៍ថា ប្លង់គោលអភិវឌ្ឍន៍និមួយៗពិតជាមានសារៈសំខាន់ណាស់ ព្រោះប្លង់គោលនិមួយៗបានកំណត់និយាមការណ៍ទំហំផ្លូវ ដើម្បីកំណត់ពីផែនការប្រើប្រាស់ដីធ្លី នៅក្នុងមូលដ្ឋានណាមួយមានភាពសមស្រប និងដើម្បីជំរុញការប្រើប្រាស់ដី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។លោកបន្តថា ប្លង់គោលបានកំណត់តំបន់អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ធ្វើកសិកម្មជាដើម។
លោកបន្តថា “ប្លង់គោលអាចអនុវត្តន៍បាន ក៏ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យការងារនេះមានប្រសិទ្ឋភាពនិងទទួលបានជោគ ជ័យ”៕
ប្រភព : Property area