ភ្នំពេញ៖ មហាយក្សចិនបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានសម្ពោធដាក់អោយដំណើរជាផ្លូវការ នូវស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេបំផុត នៅលើពិភពលោក កាលពីពេលថ្មីៗនេះ ដោយស្ពាននេះតភ្ជាប់ពីទីក្រុងហុងកុង ម៉ាកាវ និង ចិនដីគោក។
ប្រធានធិបតីចិន លោក Xi Jinping បានប្រកាសដាក់អោយដំណើរការជាផ្លូវការនូវស្ពានដែលវែងជាងគេនេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពីទីក្រុងហុងកុង និងម៉ាកាវផងដែរ ។
លោក Xi បានប្រកាសថា “ខ្ញុំសូមប្រកាសថា ស្ពានតភ្ជាប់ទីក្រុងហុងកុង ទីក្រុង Zhuhai និងទីក្រុងម៉ាកាវ ដាក់អោយដំណើរចាប់ពីពេលនេះតទៅ។
មន្ត្រីជាន់ខ្ពស់ទីក្រុងហុងកុង លោកស្រី Carrie Lam បានសម្តែងការអរគុណ ដល់ លោក Xi ដែលបានចូលរួមសម្ពោធដាក់អោយដំណើរនូវស្ពាននេះ ហើយបានកោតសរសើរចំពោះស្ពាននេះថាមានសារៈសំខាន់បំផុត។
ស្ពានដែលវែងជាងគេនៅលើពិភពលោកនេះ មានប្រវែង៥៥គីឡូម៉ែត្រ ត្រូវបានសេដ្ឋកិច្ចវិទូបានលើកថា នឹងអាចជួយជម្រុញអោយវិស័យសេដ្ឋកិច្ច កាន់តែរឹងមុំានៅក្នុងតំបន់ភូមិសាស្ត្រ និងនៅក្នុងពិភពលោករវាងទីក្រុងហុង និងចិនដីគោក។
មិនមែនមនុស្សគ្រប់គ្នាសុទ្ឋតែសប្បាយចិត្តនឹងសមិទ្ឋិផលដ៏អស្ចារ្យនេះទេ ដោយក្រុមអ្នករិះគន់បានលើកឡើងថា រដ្ឋាភិបាលចិនរបស់លោក Xi បានចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងការសាងសង់ស្ពាននេះ គឺក្នុងគោលបំណងបញ្ចូលទីក្រុងហុងកុងទៅក្នុងរដ្ឋបាលរបស់ចិន ហើយអាចនឹងបាត់បង់នូវភាពឯករាជ្យ និងសេរីភាពរបស់ប្រជាជនដែលរស់នៅក្នុងទីក្រុងហុងកុង។
ស្ពាននេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៩ ហើយត្រូវបានពន្យាពេលមួយរយៈដោយសារតែកង្វះខាតថវិកា និងមានការស្លាប់កម្មករមួយចំនួន ខណៈកំពុងសាងសង់។
បើទោះបីមានការរិះគន់យ៉ាងណាក្តី ស្ពាននេះត្រូវបានគេមើលឃើញថានឹងបង្កើនពាណិជ្ឋកម្ម និងការកាត់បន្ថយពេលវេលាក្នុងធ្វើដំណើរឆ្លងកាត់ពីក្រុងហុង កុងមកចិនដីគោក៕
ប្រភព : Property area