ភ្នំពេញ៖ ស្របពេលនឹងកត្តាសុខសន្តិភាព កំនើនសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន អ្នកវិនិយោគលើវិស័យខុនដូអន្តរជាតិ បានចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើន ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានភាពទាក់ទាញ និងការប្រកួតប្រជែងកើនឡើង។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កាលពីឆ្នាំ២០០៨ចំនួនខុនដូនៅកម្ពុជាមានតែ១៧៦យូនីតប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះខុនដូចំនួន១២០០០យូនីតបានបញ្ចប់និងដាក់ចូលទីផ្សារ ខណៈគំរោងខុនដូជាច្រើនទៀតកំពុងសាងសង់ និងត្រៀមបញ្ចប់។អ្នកនាងបន្តថា កាលពីឆ្នាំ២០០៨ មានតែអ្នកវិនិយោគកូរ៉េប៉ុណ្ណោះ បានវិនិយោគសាងសង់ខុនដូលក់ តែបច្ចុប្បន្នអ្នកវិនិយោគជាច្រើនបានចូលមក ដូចជា អ្នកវិនិយោគចិន តៃវ៉ាន់ កូរ៉េ ជប៉ុន សឹង្ហុបុរីជាដើម។
អ្នកនាងបន្តថា ក្នុងចំណោមគំរោងវិនិយោគខុនដូនានា មានអ្នកវិនិយោគខ្មែរបានវិនិយោគក្នុងវិស័យនេះចំនួន២៣គំរោង និងអ្នកវិនិយោគអន្តរជាតិជាច្រើនសញ្ជាតិទៀត។
ច្បាប់សហកម្មសិទ្ឋដែលអនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋកាន់កាប់ទិញលំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ ដែលបានអនុម័តកាលពីឆ្នាំ២០១០ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកកាន់ប្រទេសកម្ពុជា។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal កាលពីដំណាច់ឆ្នាំ២០១៧បានរកឃើញថា ចំនួនខុនដូដែលនឹងផ្អត់ផ្គង់ចូលទីផ្សារនៅដំណាច់ឆ្នាំ២០២០ខាងមុខ នឹងកើនឡើងដល់ជាង៦០០០០យូនីត ក្នុងនោះខេត្តព្រះសីហនុមានប្រមាណជាង៥ពាន់យូនីតផងដែរ៕
ប្រភព : Property area