ភ្នំពេញ៖ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះការវិនិយោគសាងសង់ព្រលានយន្តហោះ ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត ដែលវិនិយោគដោយក្រុមហ៊ុន Poipet Airport Investment។
លោកស្រី ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ តុលានេះថា ការវិនិយោគគំរោងនេះពិតជាល្អម្យ៉ាង ព្រោះវាផ្តល់ជម្រើសការធ្វើដំណើរច្រើន សម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដោយសារការធ្វើដំណើរតាមផ្លូវគោកពីរាជធានីភ្នំពេញ ទៅកាន់ប៉ោយប៉ែតចំណាយពេល៥ទៅ៦ម៉ោង ហេតុនេះប្រសិនជាមានព្រលានយន្តហោះនេះ នឹងកាត់បន្ថយពេលវេលាសំរាប់ការធ្វើដំណើរ ដោយប្រជាជនអាចចេញពីប៉ោយប៉ែត តាមរថយន្តទៅក្រុងបាងកកបរទេសថៃ ចំណាយពេលត្រឹមតែ៣ទៅ៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែបើធ្វើដំណើរតាមរថយន្តពីក្រុងភ្នំពេញ ពួកគេអាចចំណាយពេលពេញមួយថ្ងៃ។
លោកស្រីបន្តថា “ក្រៅពីភ្ញៀវក្នុងស្រុក ព្រលាននេះអាចតភ្ជាប់ជាមួយព្រលានខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ ដែលអាចផ្តល់ឲ្យភ្ញៀវទេសចរណ៍មានជម្រើសច្រើន និងចំណាយពេលវេលាតិច ទៅកាន់គោលដៅនានា។លោកស្រីបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានតែសណ្ឋាគារ និងកាស៊ីណូ ហេតុនេះភ្ញៀវអាចទទួលបានផលិតផលពីរ គឺការកម្សាន្តបែបស៊ីវិល័យ និងវប្បធ៌ម តាមរយៈការកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ។
លើកឡើងស្រដៀងគ្នាផងដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមនេះ និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ព្រលាននេះពិតជាល្អ វានឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ដែលអាចតភ្ជាប់ជាមួយព្រលានយន្តហោះក្នុងស្រុក ពិសេសអាចជួយឲ្យប្រជាពលរដ្ឋខ្មែរធ្វើដំនើរទៅប្រទេសថៃ ដោយមិនចំណាយពេលច្រើន ព្រោះបច្ចុប្បន្នប្រជាជនកម្ពុជា ជាង១លាននាក់បានចេញដើរកំសាន្ត ទៅពិនិត្យសុខភាព និងទៅធ្វើជំនួញនៅប្រទេសថៃក្នុងមួយឆ្នាំ។
លោកបន្តថា “ប្រសិនជាព្រលាននេះមានសមត្ថភាព អាចតភ្ជាប់ជាមួយព្រលានក្នុងស្រុកដទៃទៀត ពិតជាប្រសើរណាស់ ដើម្បីផ្តល់ជម្រើសធ្វើដំណើរ ក៏ដូចជាគោលដៅដើរកំសាន្តរបស់ភ្ញៀវអន្តរជាតិបន្ថែមទៀត។
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិកាតរដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានឲ្យដឹងថា ព្រលាននេះគ្រោងចំណាយទឹកប្រាក់វិនិយោគចន្លោះពី៤០ ទៅ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ឡើង ដែលព្រលាននេះបានសាងសង់លើកដំបូងនៅកំឡុងឆ្នាំ២០០៧ ប៉ុន្តែបានពន្យាពេលរហូតមកទល់ពេលនេះ។ លោកបន្តថា តាមគំរោងព្រលាននេះនឹងសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ ដែលទំហំព្រលាននេះមានប្រមា ណជាង១០០ហិកតា។
លោកបន្តថា “ព្រលាននេះបានទទួលការឯកភាពជាគោលការណ៍ ពីរដ្ឋាភិបាលអនុញ្ញាត្តឲ្យសាងសង់ឡើងវិញរួចហើយ។
បច្ចុប្បន្នក្រុងប៉ោយប៉ែត មានមនុស្សរស់នៅជាង ២០ម៉ឺននាក់ ដែលរួមបញ្ចូលជាមួយជនបរទេស ពិសេសអ្នកវិនិយោគនិងប្រជាជនចិន បានចូលទៅកាន់ទីក្រុងនេះច្រើន ដែលបានធ្វើឲ្យតម្លៃដីធ្លី និងអចលនទ្រព្យក្នុងទីក្រុងនេះកើនឡើងយ៉ាងគំហុកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព : Property area