ភ្នំពេញ: រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគសាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគំរោងនេះនឹងសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ តុលានេះថា គំរោងព្រលានយន្តហោះនេះបានចាប់ផ្តើមតាំងពីកំឡុងឆ្នាំ២០០៦ ឬ២០០៧ ដែលស្ថិតនៅលើផ្ទៃដីជាង១០០ហិកតា តែគំរោងនេះបានផ្អាកនៅពេលក្រោយមក។ លោកបន្តថា ប៉ុន្តែគំរោងនេះបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលឡើងវិញ និងអាចចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខ។
លោកបន្តថា “តាមគំរោងព្រលាននេះ អាចចំណាយប្រាក់ចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក និងជាព្រលានយន្តហោះសម្រាប់ចុះចតយន្តហោះក្នុងស្រុក”។លោកបន្តថា “ក្រុមហ៊ុនPoyPet Arport Investmentជាអ្នកវិនិយោគព្រលានយន្តហោះនេះ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការនិតិវិធី ដើម្បីចាប់ផ្តើមសាងសង់ឡើងវិញ”។
ព្រលានយន្តហោះនេះស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាក្រុងដែលត្រូវអភិវឌ្ឍន៍ពិសេសមួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។
អ្នកវិនិយោគក្នុងស្រុកមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើន និងមានការវិនិយោគជាច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន ហេតុនេះប្រសិនជាព្រលានយន្តហោះនេះសាងសង់រួច ក្រុងនៅតាមព្រំដែនកម្ពុជា ថៃនេះនឹងមានការរីកចម្រើនកាន់តែលឿនថែមទៀត។
ក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ និងមានប្រជាជនរស់នៅប្រមាណ២០ម៉ឺននាក់ ដែលចំនួននេះរាប់បញ្ចូលទាំងអ្នកវិនិយោគអន្តរជាតិ៕
ប្រភព : Property area