ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងរដ្ឋសភាបានសម្រេចបង្កើតក្រុមការងារពិសេសរួមគ្នាមួយដើម្បី ដោះស្រាយបញ្ហាជំលោះដីធ្លីដែលកំពុងកើតឡើងនៅក្នុងខេត្តព្រះស៊ីហនុ ខណៈដែលតម្លៃដីធ្លីឡើងថ្លៃ និងអ្នកវិនិយោគជាតិ និងអន្តរជាតិសម្រុកទៅកាន់ទឹកដីនៃខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែច្រើន។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភានាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះថា មានករណីជាច្រើននៅខេត្តព្រះសីហនុ ដែលធ្វើឲ្យមានភាពរញ៉េរញៃដូចជាអំពើលួចប្លន់ កាប់ចាក់គ្នា និងបញ្ហាដីធ្លី បញ្ហាគ្រឿងញៀនជាដើម ដែលបាននិងកំពុងកើតឡើងនៅខេត្តនេះ ហើយបានធ្វើឲ្យប្រជាពលរដ្ឋសមួយចំនួនម្តែងការព្រួយបារម្ភខ្លាំង និងករណីខ្លះបានធ្វើឲ្យអាជ្ញាធរពិបាកដោះស្រាយ ដូច្នេះរដ្ឋាភិបាល និងរដ្ឋសភា សម្រេចបង្កើតក្រុមការងារ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ។
សម្តេចបន្តថា “នៅពេលមានវិយោគទៅកាន់តំបន់នោះ បញ្ហាដីធ្លីក៏ឡើងថ្លៃ ហើយជំលោះដីធ្លីមានរឿងច្រើន ដូច្នេះយើងត្រូវខិតខំដើម្បីដោះស្រាយបញ្ហាហ្នឹង ហើយអជ្ញាធរក៏គាត់មានលទ្ធភាពដោះស្រាយហើយ តែយើងគ្រាន់តែចូលរួមយោបល់”។ សម្តេចបន្ត ថា“ដោយសារមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ ទើបពួកគេមិនចង់ទៅលេងកំសាន្តហ្នឹងហើយ ទើបយើងបង្កើតក្រុមការងារចុះទៅដោះស្រាយបញ្ហានានានៅទីនោះ”។
តែយ៉ាងណាក៏ដោយសម្តេចក្រឡាហោមបានបញ្ជាក់ទៀតថា រាល់បញ្ហាទាំងអស់នោះវាមិនទាន់ធ្ងន់ធ្ងរខ្លាំង រហូតដល់ថ្នាក់មិនអាចដោះស្រាយបាននោះទេ ។ បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋរិះគន់ជាបន្តបន្ទាប់ ថាមានបទល្មើសច្រើន មានភាពរញ៉េរញ៉ៃដែលកើតឡើង អំពើលួចប្លន់ គ្រឿងញៀន បញ្ហាបរិស្ថាន និងជម្លោះដីធ្លីខណៈដីកាន់តែឡើងថ្លៃ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុត្រូវបានគេមើលឃើញថា បាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ ដែលមានគម្រោងជាច្រើន ដូចជា ខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូបានបង្ហាញខ្លួន។ បន្ថែមពីនេះ ខេត្តដែលឆ្នេរស្អាតនេះ កំពុងតែមានការកើនឡើងនូវគម្រោង និងការអភិវឌ្ឍន៍ជាច្រើនពីគ្រឹះសេដ្ឋកិច្ចចម្បង រួមមាន ទេសចរណ៍ ប្រេង និងកំពង់ផែ៕
ប្រភព : Property area