ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកជា សុផារ៉ាបានស្នើឲ្យអ្នកអភិវឌ្ឍន៍នានា ងាកមកជួយគិតគូវិនិយោគលើលំនៅ ដ្ឋានមានតម្លៃទាបឲ្យបានកាន់តែច្រើន។
លោកបានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាតការងាររបស់សមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកាលពីពេលថ្មីៗនេះ លោកជា សុផារ៉ាបានបន្តថា បើសិនជាអាចអ្នកអភិវឌ្ឈន៍ក្នុងវិស័យលំនៅដ្ឋាននានា ជួយវិនិយោគលើលំនៅដ្ឋានមានតម្លៃទាប ដើម្បីជួយដល់អ្នកធ្វើការក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀតជាការប្រសើរ។ បច្ចុប្បន្នក្នុងមួយឆ្នាំយើង ត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នង ហើយតម្រូវការនេះគិតតែក្រុមប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ។
លោកបន្តថា “ខ្ញុំមិនមែនជំរុញឲ្យអ្នកអភិវឌ្ឍន៍ សាងសង់លំនៅដ្ឋានតម្លៃទាប នៅជិតសហគមន៍អ្នកមានជីវភាពធូរធារ ដែលធ្វើឲ្យខូចបរិយាកាសសហគមន៍នោះទេ ប៉ុន្តែគួរសាងសង់លំនៅដ្ឋានតម្លៃទាបនៅជាយក្រុងបន្តិច។លោកបន្តថា “ខ្ញុំជឿថាបើសាងសង់ផ្ទះ ដែលមានរចនាសម្ព័ន្ឋសមស្រប និងមិនមានការដេគ័រច្រើន មិនមានការបំពាក់សម្ភារៈបរិក្ខាច្រើន គឺអាចលក់ក្នុងតម្លៃទាបបាន
ប៉ុន្តែលោកជា សុផារ៉ាមិនបញ្ជាក់ឲ្យដឹងពីលំនៅដ្ឋានតម្លៃទាប គួរមានតម្លៃប៉ុន្មានជាក់លាក់នោះទេ។
លោកជា សុផារ៉ាបានបន្តថា យើងគួរផ្តោតលើកម្មកររោងចក្រ ដែលពួកគេមានប្រាក់ខែ១៧០ដុល្លារ អាចលៃលក៨០ទៅ១០០ដុល្លារក្នុងមួយខែបង់ថ្លៃផ្ទះបាន ព្រោះបើពួកគេជួលផ្ទះគេតម្លៃ៥០ដុល្លារក្នុងមួយខែ រយៈពេល១០ឆ្នាំឬ២០ឆ្នាំ ក៏នៅតែជាផ្ទះរបស់គេ។លោកបន្តថា ប្រជាជនកម្ពុជា១,២លាននាក់បានធ្វើចំណាកស្រុក និងបានផ្ញើរប្រាក់២០០០លានដុល្លារក្នុងមួយឆ្នាំ ត្រលប់មកប្រទេសវិញ ហេតុនេះអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា គួររកឳកាសធ្វើយ៉ាងណាធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានសាច់ប្រាក់ទាំងនោះយកមកប្រើប្រាស់ ហើយអាចឲ្យអ្នកធ្វើការនៅក្រៅប្រទេស មានឳកាសទិញលំនៅដ្ឋានបាន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ការលក់លំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិច ហេតុនេះលោកបាន និងកំពុងត្រៀមវិនិយោគលំនៅដ្ឋានតម្លៃទាប នៅជាយក្រុងភ្នំពេញផងដែរ ដោយសារក្រុមប្រជាពលរដ្ឋ មានប្រាក់ចំណូលទាបនៅមានចំនួនច្រើន ហើយតម្រូវការលំនៅដ្ឋានតម្លៃទាប មានតម្រូវការច្រើននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបានយល់ស្រប នឹងការលើកឡើងរបស់លោកជា សុផារ៉ាដែលកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំ។ លោកឧកញ៉ាបានយល់ស្រប នឹងការលើកឡើងរបស់លោកជា សុផារ៉ាដែលកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំ។
បច្ចុប្បន្នក្រុមហ៊ុនបួនកំពុងវិនិយោគ លើលំនៅដ្ឋានមានតម្លៃទាបនេះរួចហើយ ដូចជា ក្រុមហ៊ុន World Bridge Land ដែលកំពុងវិនិយោគលើលំនៅដ្ឋាន តម្លៃទាបស្ថិតនៅភាគខាងត្បូងក្រុងភ្នំពេញ ក្រុមហ៊ុនប៊ុនជេស្ឋបានវិនិយោគលើលំនៅដ្ឋានតម្លៃទាបនៅក្នុងសង្កាត់ព្រែកតាទែន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងភ្នំពេញ ក្រុមហ៊ុនARAKAWA Cambodia Co, Ltd កំពុងវិនិយោគលំនៅដ្ឋានសហកម្មសិទ្ឋ (ខុនដូ)តម្លៃទាប នៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ និងក្រុមហ៊ុនបុរីវិមានភ្នំពេញ បានវិនិយោគលំនៅដ្ឋាន មានតម្លៃទាបនៅក្នុងសង្កាត់បាក់ខែង តាមបណ្តោយផ្លូវជាតិលេខ៦អា។
លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះ លោកនឹងវិនិយោគលំនៅដ្ឋានតម្លៃទាប ជាគំរោងធំមួយទៀតនៅតាមប ណ្តោយផ្លូវជាតិលេខ៦អាផងដែរ ដោយសារលោកមើលឃើញតម្រូវការកើនឡើង សម្រាប់លំនៅដ្ឋានប្រភេទនេះ។
អ្នកចង់ទិញលំនៅដ្ឋានតម្លៃសមរម្យមួយ ដោយគ្រាន់តែប្រាប់ឈ្មោះវ៉ាន់ដែលបាន និងកំពុងអ្នកបំរើការងារនៅស្ថានីយ៍ទូរទស្សន៍មួយបានថ្លែងថា លោកចង់ទិញផ្ទះតម្លៃទាបផងដែរ ប៉ុន្តែលោកគិតថាលំនៅដ្ឋានតម្លៃទាប ដែលប្រកាសកន្លងមក មានតម្លៃថ្លៃ ហើយមានចម្ងាយឆ្ងាយពេក ពីកន្លែងធ្វើការរបស់លោក ក៏ដូចជា ទីប្រជុំជនក្រុង។
លោកបន្តថា “ផ្ទះតម្លៃសមរម្យ គួរមានតម្លៃចន្លោះពី១០,០០០ទៅ១៥,០០០ដុល្លារអាមេរិក ប៉ុន្តែលំនៅដ្ឋានសមរម្យដែលដាក់លក់កន្លងមក ដាក់ឈ្មោះលំនៅដ្ឋានតម្លៃទាប តែការពិតលក់តម្លៃថ្លៃ។
លំនៅដ្ឋានដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុន World Bridge Land មានតម្លៃចន្លោះ២៥,០០០ទៅ៣០,០០០ដុល្លារអាមេរិក អាស្រ័យលើទំហំផ្ទះនិងប្រវែងផ្ទះនិមួយ។
ឆ្លើយតបនឹងការវិនិយោគលំនៅដ្ឋានមានតម្លៃទាបនេះ លោកឧកញ៉ាសៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group ដែលវិនិយោគលំនៅដ្ឋានតម្លៃទាបតំបូងគេបានថ្លែងថា គំរោងរបស់លោក មិនផ្តោតលើប្រាក់ចំណេញទេ ព្រោះបើចង់បានប្រាក់ចំណេញ លោកមិនសាងសង់លំនៅដ្ឋានតម្លៃទាបឡើយ លោកសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មប្រសើរជាង។
លោកបន្តថា “ខ្ញុំចង់រដ្ឋាភិបាល និងជួយប្រជាជនឲ្យមានផ្ទះសមរម្យសម្រាប់ជាជម្រករបស់ពួកគេ”៕
ប្រភព : Property area