ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួបប្រទះ និងមានការអភិវឌ្ឍគ្រប់វិស័យនោះ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក៏ត្រូវបានគិតគូរបន្ថែម ដើម្បីប្រែក្លាយតំបន់នោះជាតំបន់បៃតង។
ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ យន្តការជាច្រើនត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដាក់ចេញដើម្បីអនុវត្ត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើង កាលពីដើមឆ្នាំនេះថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់នោះ ក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ។ លោកបន្តថា រាជធានីភ្នំពេញ មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣.២៥% ក្នុងឆ្នាំ។
លោកបន្តថា “បច្ចុប្បន្នចំនួនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់១.៧លាននាក់ គឺប្រមាណជា៥៦ភាគរយ នៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។
លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាព នៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារពីរ ត្រូវបានដាក់ឲ្យសិក្សា ទី១ គឺការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ីសុវត្ថិ។
លោកស្រីបន្តថា ដើម្បីធ្វើការងារខាងលើឲ្យបានជោគជ័យ គឺមានវិធីសាស្ត្រមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ។ វិធីសាស្ត្រនោះតម្រូវឲ្យយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដោយមានការងាររួមចម្រុះ ដែលទាមទារឲ្យអោយគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ៕
ប្រភព : Property area