ភ្នំពេញ ៖ កាច្នៃប្រឌិតប្រកបដោយភាពស្រមើស្រម៉ៃមួយ បានលេចចេញជារូបរាងដែលបង្កើតបានជារមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរទាំងស្រុង នៅលើភ្នំហាន់ជ័យខេត្តកំពង់ចាម ដែលបោះទុនវិនិយោគទឹកប្រាក់ជាង៥០ម៉ឺនដុល្លារអាមេរិក ចាប់ផ្តើមបើកអោយដំណើរការទទួលភ្ញៀវទេសចរ ពីថ្ងៃទី១៥ តុលានេះតទៅ។
លោក ឆន គឹមពិចេដ្ឋ អ្នកគ្រប់គ្រងទូទៅ នៃរមណីយដ្ឋាន ដែលមានសញ្ញាផ្កាឈូកបានប្រាប់សារព៌តមានក្នុងស្រុកមួយឲ្យដឹងថា រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែលមានឈ្មោះជាភាសាអង់គ្លេស HANCHEY BAMBOO-RESORT បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងបើកអោយភ្ញៀវចូលទស្សនានិងស្នាក់នៅចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ។
លោកបន្តថា រមណីយដ្ឋាននេះមានផ្តល់ សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាល។ លោកបានបន្តថា រមណីដ្ឋាននេះបានបង្រៀនប្រជាពលរដ្ឋ ក្នុងសហគមន៍ជុំវិញតំបន់ភ្នំហាន់ជ័យ អោយក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង ដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើ និងជួយបង្កើនប្រាប់ចំណូល ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។
លោកស្រី ឌីរ៉ូ អាយុ២៨ ឆ្នាំ ដែលបាននាំបងប្អូន និងមិត្តភក្តីចំនួនពីររថយន្ត ចូលទស្សនារមណីយដ្ឋាន HANCHEY BAMBOO-RESORT បានអោយដឹងថា រមណីយ ដ្ឋាននេះពិតជាមានលក្ខណៈស្រស់ស្អាត មានខ្យល់ឱកាសល្អបរិសុទ្ធ ហើយធ្វើអោយមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបានទៅដល់តំបន់នេះ។
ចំណែកលោកថន វណ្តុង នាយកប្រតិបត្តិរបស់អង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គមបានអោយដឹងដែរថា រមណីយដ្ឋានឬស្សី មានខ្យល់អាកាសបរិសុទ្ធ ភ្ញៀវអាចគយគន់ទេសភាព របស់ដងទន្លេមេគង្គ ពិសេសមានការសាងសង់អគារពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូក។
HANCHEY BAMBOO-RESORT សាងសង់លើដីទំហំ៥ហិកតា ស្ថិតនៅជាប់រមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។ រមណីយដ្ឋាននេះ សង់ពីដើមឬស្សី ដែលមានអាគារសរុបចំនួន១៥ គឺសង់ពីដើមឬស្សីស្រុក ឬស្សីស្រុកចិន និងឬស្សីពីងពង់ ក្នុងនោះមានជាអគារបឹងគីឡូ អគារទទួលភ្ញៀវ ភោជនីយដ្ឋាន អគារសមាធិ អគារអន្តេវាសិក អគារបុគ្គលិក អគារធ្វើសរសៃ និងអាងហែលទឹកជាដើម។
រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានបើកឲ្យដំណើរការសាកល្បងរយ:ពេលជិតមួយខែហើយ គឺមានភ្ញៀវមកចូលទស្សនា នៅតំបន់រម្មណីយដ្ឋាននេះជាហូហែរ ចាប់ពី១០០នាក់ ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ៕
ប្រភព : Property area