Register Already an agent ? Login

សមាគមអ្នកជំនាញអចលនទ្រព្យបានទទួលការគាំទ្រពីស្ថាប័នជាច្រើននៅសឹង្ហបុរី

ភ្នំពេញ: សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានទទួលការគាំទ្រពីស្ថាប័នធ្វើការទាក់ទងនឹង វិស័យអចលនទ្រព្យជាច្រើននៅប្រទេសសឹង្ហបុរី ដោយពួកគេជំរុញឲ្យសមាគមនេះធ្វើការឲ្យបានសកម្ម ដើម្បីជំរុញការលើកកំពស់វិស័យនេះនៅកម្ពុជា និងក្នុងតំបន់។

លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងថ្នាក់ដឹកនាំសមាគមនេះ បានទស្សនកិច្ចនៅប្រទេសសឹង្ហបុរីកាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ តុលានេះថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីកម្មវិធីសិក្សាទាក់ទង នឹងវិស័យអចលនទ្រព្យនៅប្រទេសរីកចម្រើនមួយនេះ ដើម្បីយើងអាចដកស្រង់កម្មវិធីសិក្សា និងបទពិសោធន៍ទាក់ទងនឹងការបណ្តុះបណ្តាល យកមកបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌសមាគមនៅកម្ពុជា។

លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានជួបជាមួយ ថ្នាក់ដឹកនាំសមាគមSingapore Real Estate Agents Association, Real Center Network, និងPropEase Singapore ដើម្បីបង្ហាញពីការរីកចម្រើននិងដំនើរវិវត្តន៍នៃវិស័យអចលនទ្រព្យកម្ពុជា។ ជាលទ្ឋផលថ្នាក់ដឹកនាំស្ថាប័នខាងលើនេះបានគាំទ្រការបង្កើតសមាគមថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។

ទាក់ទងកម្មវិធីបណ្តុះបណ្តាលវិញ លោកឃាង ពុទ្ឋីបានបន្តឲ្យដឹងថា សមាគមនឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ចាប់ពីថ្ងៃទី២០ តុលានេះ នៅការិយាល័យរបស់សមាគម ដែលមានទីតាំងស្ថិតក្នុងគំរោងOne Park ស្ថិតក្នុងមជ្ឈមណ្ឌលភ្នំពេញឬ Phnom Penh City Center(ប្លុកបឹងកក់)។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបនឹងកង្វះធនធានមនុស្សនៅក្នុងវិស័យនេះ ដែលជាវិស័យមានការរីកចម្រើនយ៉ាងលឿននៅកម្ពុជា។

លោកបន្តថា “ក្រោយចប់ការបណ្តុះបណ្តាល សមាគមនឹងធានាផ្តល់ការងារដល់សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងបង្រៀនដោយអ្នកជំនាញជាតិ និងអន្តរជាតិនៅក្នុងវិស័យនេះ”៕

ប្រភព : Property area