ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ សម្រាប់ការពុះដីឡូតិ៍លក់ ត្រូវបានក្លាយជាផ្នែកដ៏ពេញនិយមបំផុតសម្រាប់អ្នកវិនិយោគ ដែលមានឱកាសទទួលបានប្រយោជន៍ និងផលចំណេញខ្ពស់គួរឱ្យកត់សម្គាល់។
ប៉ុន្តែជាមួយនឹងភាពពុះកញ្ជ្រោលនៃវិស័យដីធ្លីមួយនេះ វានឹងអាចជះជាឥទ្ធិពលអវិជ្ជមានទៅដល់ប្រជាពលរដ្ឋ ដែលជាអ្នកទិញ ហើយអាចបង្កជារបាំងរាំងស្ទះដល់ការអភិវឌ្ឍន៍នៅថ្ងៃអនាគត ប្រសិនបើការពុះដីឡូតិ៍របស់អ្នកវិនិយោគ មិនត្រូវបានធ្វើឡើងស្របតាមបទដ្ឋាន និងច្បាប់ភូមិបាលដែលដាក់ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals បានលើកឡើងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ជាទូទៅនៅពេលដែលគេបង្កើតជាតំបន់លំនៅដ្ឋាន ឬជាសហគមន៍ ដំបូងឡើយអ្នកអភិវឌ្ឍត្រូវគិតពីចំនួនលំនៅដ្ឋានសរុប ជាមួយនឹងទំហំដីដែលត្រូវអភិវឌ្ឍ ហើយក្រៅពីមានការកសាងជាផ្លូវទំហំធំ មានបណ្តាញលូត្រឹមត្រូវ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី គឺត្រូវមានទុកចំណីផ្លូវ ទីលំហរ ឬសួនបៃតងសាធារណៈដែលអាចផ្តល់ផាសុកភាពដល់អ្នករស់នៅក្នុងតំបន់ ជាពិសេសការរៀបចំហេដ្ឋារចនាជាប្រព័ន្ធដែលមានការទទួលស្គាល់ពីច្បាប់ និងក្រសួងពាក់ព័ន្ធ។
លោកបន្តថា “ការអភិវឌ្ឍ ដោយចាប់ផ្តើមចេញពីការពុះដីឡូតិ៍ឡើងទៅនោះ វាអាចនឹងក្លាយជាបញ្ហានៅថ្ងៃអនាគត ព្រោះអ្នកខ្លះដើម្បីតែចង់លក់ដីឡូតិ៍ឱ្យបានដាច់ច្រើនបានប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើន ដូចជាចាក់ផ្លូវបេតុងត្រឹមទំហំ6ម៉ែត្រ បង្កប់បណ្តាញលូត្រឹមទំហំមុខកាត់កន្លះម៉ែត្រ និងគ្មានកន្លែងបញ្ចេញចោល ឬត្រឹមជាការបោះបង្គោលបណ្តាញអគ្គិសនីជាដើម។
អ្នកវិនិយោគខ្លះទៀត បានប្រើមធ្យោបាយផ្សព្វផ្សាយបំប៉ោង ទៅលើគម្រោងអភិវ ឌ្ឍន៍របស់ខ្លួន ទាំងដែលមិនមានប្លងគោលចេញពីថ្នាក់ជាតិ (បញ្ចោតអតិថិជន) ដើម្បីធ្វើយ៉ាងណាឱ្យតែលក់បានឆាប់ដាច់ ។ ចំណុចទាំងអស់នេះ វាអាចនឹងជាបញ្ហាធំសម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកទិញក្នុងគោលបំណង សាងសង់លំនៅដ្ឋាននៅថ្ងៃអនាគតយ៉ាងប្រាកដ។ ដោយឡែកពាក់ព័ន្ធទៅនឹងសោភ័ណភាព រឹតតែមិនមានថែមទៀត ដោយហេតុថា ការសាងសង់លំនៅដ្ឋានអាចធ្វើឡើគ្មានបទដ្ឋានត្រឹមត្រូវ ដែលធ្វើតាមការចង់បាន និងចំណូលចិត្តរបស់អ្នកស្នាក់នៅ ដែលមើលទៅគ្មានសណ្តាប់ធ្នាប់នោះឡើយ។
លោកឧកញ៉ាបានបន្តា “ចំណុចអវិជ្ជមានទាំងអស់នេះ វានឹងក្លាយទៅជារបាំងរាំងស្ទះដល់គម្រោងអភិវឌ្ឍថ្នាក់ជាតិជាក់ជាមិនខាន។
យ៉ាងណាក៏ដោយ លោកឧកញ៉ា នួន រឹទ្ធី ក៏បានក្រើនរំលឹកចំពោះអ្នកដែលមានបំណងចង់ទិញដីពុះឡូតិ៍ ត្រួវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ស្វែងរកព័ត៌មានឱ្យបានច្បាស់ពីគម្រោងមុនឈានដល់ការសម្រេចចិត្តទិញ ចៀសវាងមានការស្តាយក្រោយ និងរងគ្រោះចាញ់បោកគេ។
កាលពីពេលកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងការទិញដីពុះឡូតិ៍ ក៏ធ្លាប់មានករណីប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋ ដែលរងគ្រោះចាញ់បោកឈ្មួញខិលខូច ដែលយកដីអ្នកដទៃមកផ្សព្វផ្សាយពុះដីឡូតិ៍លក់ ហើយប្រមូលយកលុយរត់បាត់ស្រមោលតែម្ដង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានអះអាងស្រដៀងគ្នាកាលពីពេលថ្មីៗនេះថា ចរន្តពុះដីឡូត៍លក់ដែលកក្រើកនាពេលបច្ចុប្បន្ននេះនឹងរារាំងសកម្មភាពអភិវឌ្ឍន៍ ខណៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចេញសេចក្តីប្រកាសពីការអភិវឌ្ឍដី គឺជួយបានមួយចំណែកតែមិនទាន់គ្រប់គ្រាន់នោះទេ វាប្រៀបបីដូចជាគោដាច់ហើយ ទើបយកគោមកចងក្នុងរបងវិញ។
លោកបន្តថា “ការពុះដីឡូត៍នៅជាយរាជធានីភ្នំពេញ នឹងរារាំងការអភិវឌ្ឍ ព្រោះដីមួយហិកតាមានម្ចាស់១០០នាក់ ឬច្រើនជាងនេះ ដែលនាំឲ្យអ្នកវិនិយោគមានការលំបាកក្នុងការរៀបចំផែនការអភិវឌ្ឍន៍របស់ពួកគេ។
លោក ឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យបានអះអាងផងដែរថា ដីឡូត៍មួយផ្នែកជាការជួយ ឲ្យអ្នកមានជីវភាពក្រោមមធ្យមអាចសន្សំលុយទិញបាន និងសន្សំលុយសាងសង់ផ្ទះបាននាពេលអនាគត ប៉ុន្តែលោកបានជំរុញឲ្យអ្នកអភិវឌ្ឍន៍ដីឡូត៍ គួរគិតពីការពង្រីកគំរោងឲ្យធំ ឬលក់ដីឡូត៍ក្នុងទំហំធំ មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងគួរគិតគូរពីបរិស្ថាន ដោយធ្វើយ៉ាងណាឲ្យសហគមន៍នោះមានដាំដើមឈើ មានប្រព័ន្ឋទឹក ភ្លើងច្បាស់លាស់ ដើម្បីធ្វើឲ្យប្រាកដថា លំនៅដ្ឋានដែលសាងសង់នាពេលអនាគតមិនរកេតរកូត តែមានភាពស្រស់ស្អាត និងផាសុខភាពសម្រាប់អ្នករស់នៅ៕
ប្រភព : Property area