Register Already an agent ? Login

មន្ត្រី​ជំនាញ​ថា កម្ពុជា​នឹង​បង្កើនល្បឿន​រថភ្លើង​ឱ្យបាន​ពី ៨០ទៅ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង

ភ្នំពេញ៖ ការ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​បង្កើនល្បឿន​ឱ្យបាន​លឿន​បន្ថែមទៀត ដោយ​អាច​រត់​បាន​ចន្លោះ​ពី៨០ទៅ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឱ្យ​ដូច​ទៅនឹង​ប្រទេសជិតខាង។

អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក លី បូ​រិ​ន បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ថ្ងៃទី១១ តុលា​កន្លងមក​ថា បច្ចុប្បន្ន ខ្សែ​រថភ្លើង​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ហើយ តាមរយៈ​ថវិកា ADB និង​ថវិកា​រាជរដ្ឋាភិបាល រួមទាំង​ក្រុមហ៊ុន Royal Railway តែ​មិនទាន់មាន​ល្បឿន​លឿន​នៅឡើយ​ទេ គឺ​ត្រឹមតែ៣០ទៅ៦០គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង១ម៉ោង ប៉ុន្តែ​ទៅ​ថ្ងៃ​ខាងមុខ ឆាប់ៗនេះ​រថភ្លើង​នឹង​អាច​រត់​បាន​ល្បឿន​លឿន ដូច​ប្រទេសជិតខាង​ដែរ​គឺ​ពី៨០ទៅ១០០ គីឡូម៉ែត្រ ក្នុង១ម៉ោង។

លោក​បន្តថា កំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ខ្សែ​រត់​ទាំងបី​ខ្សែ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ពលរដ្ឋ ជិះ​ទៅមក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​ពុំមាន​អ្នកជិះ​ច្រើន​កុះករ​ទេ ដោយសារតែ​ទន្ទឹមគ្នា​នោះ ក៏មាន​រថយន្ត​ជិះ​ដោយ មិន​គិតថ្លៃ ចំនួន​ជាង២០០គ្រឿង​ដែរ។

លោក​លី បូ​រិ​ន បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ គាំទ្រ​បន្តទៅទៀត និង​មាន​ទំនុកចិត្ត​ខ្ពស់ ព្រោះ​រាជរដ្ឋាភិបាល កំពុង​ខិតខំ​កែលម្អ នូវ​គ្រប់​ខ្សែ​រថភ្លើង​ទាំងអស់ ឱ្យ កាន់តែ​ប្រសើរឡើង និង​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ធ្វើ​ឲ្យ​បាន​ក្នុងពេលឆាប់ៗនេះ។

ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា រថភ្លើង​កម្ពុជា​មិនអាច​រត់​បាន​ល្បឿន​លឿន​នោះទេ ដោយសារ​ផ្លូវ​រថភ្លើង​កម្ពុជា​មិនទាន់មាន​ស្តង់ដា ស្របតាម​ស្តង់ដា​អន្តរជាតិ ពិសេស​ផ្លូវ​រថភ្លើង​មាន​ចំណុច​ឆ្លងកាត់​ច្រើន ដែល​ធ្វើ​ឲ្យ​រថភ្លើង​មិនអាច​រត់​បាន​លឿន​នៅឡើយ៕

ប្រភព : Property area