ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអះអាងថា ការសិក្សាដើម្បីពង្រីក និងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ២បានបញ្ចប់ហើយ និងគ្រោងបើកការ ដ្ឋានសាងសង់នៅឆ្នាំ២០១៩ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ តុលានេះថា ការសិក្សាពីគំរោងសាងសង់ផ្លូវនេះបានបញ្ចប់ហើយ។ បច្ចុប្បន្នការដោះស្រាយផលប៉ះពាល់ពីការពង្រីក និងស្ថាបនាផ្លូវនេះឡើងវិញ បាននិងកំពុងចាប់ផ្តើមហើយ។លោកបន្តថា គំរោងនេះជាកម្ចីមានការប្រាក់ទាបរបស់រដ្ឋាភិបាលកូរ៉េ ហេតុនេះការសាងសង់ផ្លូវនេះនឹងអាចចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ។
ទោះជាយ៉ាងណាលោកសូរិយ៉ា មិនបញ្ជាក់ឲ្យដឹងពីទំហំទឹកប្រាក់ ដែលត្រូវចំណាយលើការសាងសង់ផ្លូវនេះទេ។
លោកឈឹម ផល្លាប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងផងដែរថា បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយភាគីកូរ៉េ ដើម្បីឈានទៅធ្វើការដេញថ្លៃសាងសង់ផ្លូវនេះ ដែលតំបន់ខ្លះត្រូវពង្រីកពីរគន្លងទៅមក និងតំបន់ខ្លះមានទំហំសម្រាប់រថយន្តបើកបរមួយគន្លងទៅមកប៉ុណ្ណោះ។លោកបន្តថា រហូតមកទល់ពេលនេះ មានការឯកភាពជាគោលការណ៍ពីរដ្ឋាភិបាលកូរ៉េហើយ ហេតុនេះយើងរំពឹងថាការដេញថ្លៃសាងសង់ផ្លូវនេះនឹងអាចចាប់ផ្តើមនៅពេលឆាប់ៗនេះ។
លោកបន្តថា “ការសាងសង់ផ្លូវនេះអាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ នៅពេលនិតិវិធីនានាបញ្ចប់តាមផែនការ។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះថា ខេត្តតាកែវមានសក្តានុពលក្នុងការពង្រីករោងចក្រ សហគ្រាសបានល្អនាពេលអនាគត ដោយសារខេត្តនេះមានសណ្ឋានដីល្អ មានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ខ្វាត់ខ្វែង។
ការពង្រីកនិងសាងសង់ផ្លូវជាតិលេខ២ឡើងវិញ នឹងធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវនេះឡើងថ្លៃកាន់តែខ្លាំងនាពេលអនាគត ស្របពេលដីនៅតាមផ្លូវនេះនៅមានតម្លៃសមរម្យនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាដីនៅតាមបណ្តោយផ្លូវនេះ ដែលស្ថិតនៅកៀករាជធានីភ្នំពេញបានកើនឡើងខ្ពស់រួចទៅហើយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា តម្លៃអចលនទ្រព្យកើនឡើងដោយសារកត្តាជាច្រើន ក្នុងនោះការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ក៏ជាកត្តាមួយជំរុញឲ្យតម្លៃដីធ្លីកើនឡើង។ចំណែកកត្តាដទៃទៀតមានដូចជា កត្តាប្រជាសាស្ត្រ កំនើនសេដ្ឋកិច្ច កំនើនសកម្មភាពអាជីវកម្ម និងការរីកចម្រើននៅមូលដ្ឋាននោះផ្ទាល់ផងដែរ៕
ប្រភព : Property area