ភ្នំពេញ : ជាមួយនឹងកំនើនឥតឈប់ឈរនៃតម្លៃដីធ្លី និងការវិនិយោគអចលនទ្រព្យពីសំណាក់អ្នកវិនិយោគធំៗពីបរទេស ឧកញ៉ាធំៗដែលកំពុងមានឈ្មោះបោះសម្លេងក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ទៅ២០ឆ្នាំទៀត។
លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុបនិងបាននិងកំពុងវិនិយោគបុរីវិមានភ្នំពេញ យ៉ាងជោគជ័យបានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារកំនើនប្រជាសាស្រ្ត ការកើនឡើងផ្នែកនគរូបនីយកម្ម និងកំនើនសេដ្ឋកិច្ច ពិសេសការកើនឡើងនូវចំនួនអ្នកវិនិយោគមកពីបរទេស។
លោកបន្តថា “ខ្ញុំគិតថាបើស្ថានភាពសេដ្ឋកិច្ចរបស់យើង នៅតែរក្សាបានកំនើនល្អប្រសើរក្នុងរង្វង់៧ភាគរយ និងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយដូចសព្វថ្ងៃនេះ”។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងរយៈពេល៦ខែឆ្នាំនេះ មានទឹកប្រាក់ជាង២១០០លានដុល្លារអាមេរិក
ជាមួយគ្នានេះដែរ លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលល្បីល្បាញដោយសារការវិនិយគក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាននៅកម្ពុជា ដោយលោកមើលឃើញថា ការរីកចម្រើនវិស័យនេះ នឹងបន្តរក្សាកំនើនក្នុងរយៈពេលវែងបន្តទៀត ដោយសារសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានកំនើនរ៉ឹងមាំ កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនកម្ពុជា ដែលមានវ័យក្រោម៣០ឆ្នាំមានប្រមាណ៦០ទៅ៧០ភាគរយ។
លោកបន្តថា “ទោះជាយ៉ាងណាអ្នកវិនិយោគ គួរផ្តោតលើទីតាំងជាសំខាន់ និងត្រូវមានមូលដ្ឋានថវិការ៉ឹងមាំ ដើម្បីគំរោងរបស់ខ្លួនទទួលបានជោគជ័យ ទន្ទឹមនឹងការយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពសំណង់ផងដែរ”។
ស្រ្តីមានឥទ្ឋិពលមួយរូបទៀត ដែលបានឈរជើងក្នុងវិស័យនេះ និងវិស័យជាច្រើនទៀត លោកជំទាវ លឹម ឈីវហូ បានលើកឡើងស្រដៀងគ្នាផងដែរថា កំណើននៃការវិនិយោគដោយផ្ទាល់ពីបរទេស កំនើនសេដ្ឋកិច្ច និងកំនើននៃការវិនិយោគក្នុងវិស័យនេះ ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កំពុងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ហើយនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។ លោកជំទាវបានបន្តថា “ខ្ញុំគិតថាវិស័យសំណង់ និងអចលនវត្ថុនឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំខាងមុខទៀត ដោយសារលំហួរចូលនៃអ្នកវិនិយោគចិន ពិសេសក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា”៕
ប្រភព : Property area