Register Already an agent ? Login

តំបន់ស្វាយជ្រុំរង់ចាំស្ពានឆ្លងដើម្បីជំរុញវិស័យអចលនទ្រព្យនៅតំបន់នេះ

ភ្នំពេញ : ការសាងសង់បុរី និងសំណង់លំនៅដ្ឋាននានាស្វាយជ្រុំ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម ខណៈរដ្ឋាភិបាលគ្រោងសាងសង់ស្ពានទៅកាន់តំបន់នេះដែលធ្វើឲ្យអ្នកវិនិយោគ និងប្រជាជនរស់នៅតាមតំបន់នេះកំពុងទទួលបានផលប្រយោជ ន៍យ៉ាងច្រើនពីដីឡើងថ្លៃ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះកំពុងមានអនាគតល្អ ដោយសា​រទីតាំងនេះ មានភូមិសាស្រ្តស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។ លោក​បន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និង​ហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគំរោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត។

លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ តំបន់នេះនឹងមានសក្តានុពលខ្លាំង ហើយតំលៃដីនឹងកើនឡើងបន្ថែមទៀត”។

លោកឧកញ៉ា នួន រឹទ្ធី បានបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវា​ស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគ​និងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ។

តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ផែនការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត។

តើការសាងសង់ស្ពាននឹងចាប់ផ្តើមនៅពេលណា? លោក ផែន វិជ្ជានោ រដ្ឋលេ​ខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បដិសេធមិនអត្ថាធិប្បាយ ដោយឲ្យសួរទៅកាន់លោក វ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងដែលមិនអាចទាក់ទងបាន។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កូរ៉េកំពុងសិក្សាសាងសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅកាន់ទឹកដីស្វាយជ្រុំ ជាស្ពានចំណងដៃរបស់កូរ៉េ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីកូរ៉េជួយ។

លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនដឹងថាការសិក្សានឹងបញ្ចប់ និងការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅពេលណាទេ”៕

ប្រភព : Property area