នំពេញ: ស្របពេលសកម្មភាពពុះដីឡូត៍លក់កាន់តែមានភាពពុះកញ្រ្ជោល និងមានភាពអសកម្មមួយចំនួន អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញភាពវិជ្ជមានចេញពីផ្នែកនេះ តែទាមទារឲ្យអ្នកពុះដីឡូត៍លក់ ចាប់ផ្តើមពង្រីកបទដ្ឋានដីឡូត៍របស់ខ្លួនឲ្យបានធំជាងមុន និងគិតគូរពីផាសុខភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជាគោល។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទន្ទឹមនឹងការពុះដីឡូត៍កើនឡើងច្រើន សកម្មភាពនេះក៏ផ្តល់ភាពវិជ្ជមានដល់សេដ្ឋកិច្ចជាតិ ព្រោះដីឡូត៍អាចអនុញ្ញាត្តឲ្យកម្មករ និយោជិត មន្រ្តីរាជការ ដែលមានចំណូលទាបអាចសន្សំលុយទិញបាន និងសន្សំលុយសាងសង់ផ្ទះនាពេលអនាគតនៅលើដីនោះ។ លោកបន្តថា ទោះជាយ៉ាងណា ការពុះដីឡូត៍ ក៏មានផលអវិជ្ជមានមួយចំនួន គឺការទិញដីឡូត៍ហើយ គាត់មិនទទួលបានប័ណ្ណកម្មសិទ្ឋ មិនដឹងទីតាំងដីច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ឋមិនសមស្របជាដើម។
លោកបន្តថា “ហេតុនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញសេចក្តីប្រកាសស្តីពីការអភិវឌ្ឍដីកាលពីពេលថ្មីៗនេះ មានលក្ខណៈការពារអ្នកទិញ និងអ្នកវិនិយោគដីឡូត៍”។លោកបន្តថា “សេចក្តីប្រកាសនេះល្អ មានភាពវិជ្ជមានច្រើនទាំងអ្នកលក់ និងអ្នកទិញ ទោះមិនទាន់គ្រប់ជ្រុងជ្រោយ តែអាចថាល្អលើស៩០ភាគរយ”។
បើសិនជាម្ចាស់គំរោងដីឡូត៍ ឬអ្នកវិនិយោគដីឡូត៍ គោរពនិងអនុវត្តន៍តាមសេចក្តីប្រកាសនេះ និងមានការអនុញ្ញាត្តចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ការវិនិយោគដីឡូត៍ មានភាពវិជ្ជមានច្រើន។លោកពុទ្ឋីបញ្ជាក់ឲ្យដឹង។
លោកឃាង ពុទ្ឋីបានបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគពុះដីឡូត៍លក់ ពង្រីក ទំហំដីឡូត៍របស់ខ្លួន ព្រោះដីឡូត៍តូចៗពេលសាងសង់លំនៅដ្ឋាន បានធ្វើឲ្យអ្នករស់នៅមានភាពធុញថប់ ដូចជា តំបន់បឹងកេងកង១ ដីមានលក្ខណៈស្តង់ដាដោយមានទំហំ២០គុណនឹង៣០ម៉ែត្រ និងតំបន់ទួលគោកក៏ទំហំដីល្អក៏ដូចគ្នា ដែលធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃ និងមានតម្លៃខ្ពស់ តែតំបន់ដែលមានដីតូចៗ គឺតម្លៃអចលនទ្រព្យមិនមានតម្លៃថ្លៃនោះទេ។
លោកបន្តថា “ហេតុនេះអ្នកវិនិយោគពុះដីឡូត៍លក់ គួរធ្វើដីឡូត៍ដែលមានទំហំធំ ដើម្បីឲ្យអ្នកទិញមានភាពងាយស្រួលសាងសង់ ហើយអ្នកទិញគួរសិក្សាទិដ្ឋភាពផ្លូវច្បាប់ ដូចជា ក្រុមហ៊ុនដែលខ្លួនចង់វិនិយោគជាមួយមានច្បាប់ឬទេ? មានដីច្បាស់លាស់ឬទេ? និងស្ថិតនៅទីតាំងណាពិតប្រាកដ? ពិសេសត្រូវសិក្សាពីហេដ្ឋារចនាសម្ព័ន្ឋ និងប្រព័ន្ឋលូឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ”។
លោកបន្តថា ដីឡូត៍មកដល់បច្ចុប្បន្នបានឈានដល់ដំណាក់កាលថ្មី ដែលអ្នកវិនិយោគពុះដីឡូត៍លក់ ត្រូវបង្កើនគុណភាពគំរោងរបស់ខ្លួន ដោយត្រូវគិតពីទំហំដីឲ្យបានធំជាងមុន គិតពីហេដ្ឋារចនាសម្ព័ន្ឋធំជាងមុន និងគិតគូរពីផាសុខភាពរបស់អ្នករស់នៅនាពេលអនាគត៕
ប្រភព : Property area