ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសរំសាយការសិក្សាដើម្បីបង្កើតខេត្តថ្មីចំនួនពីរ ដែលស្នើដោយក្រសួងមហាផ្ទៃបន្ទាប់ពីការបោះឆ្នោតជាតិកាលពីពេលថ្មីៗនេះ។
អញ្ជើញចូលរួមក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ តុលានេះសម្តេចតេជោហ៊ុន សែនបានថ្លែងថា សម្តេចបានប្រកាសរំសាយលើការសិក្សាបង្កើតខេត្តថ្មី ដែលគ្រោងបែងចែកពីខេត្តកណ្តាល និងខេត្តរតនគិរី និងមណ្ឌលគិរី។ សម្តេចបានបង្ហើបថា ជាពិសេសមានអ្នកខ្លះបានរត់ការដើម្បីសុំឋានៈជាអភិបាលខេត្តថ្មីនេះ។
មួយរយៈពេលចុងក្រោយនេះ តម្លៃដីនៅតំបន់មួយចំនួនបានឡើងថ្លៃខ្ពស់ដោយសារមានពាក្យចចាមអារ៉ាមពីការបង្កើតខេត្តថ្មីនៅតំបន់នោះ។
លោក ង៉ែត ជូ ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting ធ្លាប់បានព្រមានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ទាក់ទងនឹងការបំពុលព៌តមានក្នុងវិស័យអចលនទ្រព្យ ដោយលោកជំរុញឲ្យប្រជាជនសិក្សា ពិចារណាលើព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់គ្រាន់មុនធ្វើការសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ហើយបោះបង់ការវិនិយោគ ដោយពឹងផ្អែកលើព្រេងសំណាង។
លោកបន្តថា “ព៌តមានមួយចំនួនមានលក្ខណៈបំពុល ហេតុនេះការសិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តជាការសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគរបស់ខ្លួនប្រាសចាកហានិភ័យ”៕
ប្រភព : Property area