ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យ នឹងចាប់ផ្តើមបើកការបណ្តុះបណ្តាលទាក់ទងនឹងវិស័យនេះនៅពាក់កណ្តាលខែតុលានេះ ដើម្បីបំពេញតម្រូវការធនធានមនុ ស្សនៅក្នុងវិស័យនេះ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងនៅទីតាំងសមាគម ដែលស្ថិតនៅក្នុងគំរោង One Park នៃមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh City Center អតីតបឹងកក់)កាលពីល្ងាចថ្ងៃទី៤ តុលាកន្លងមកថា រហូតមកទល់ពេលនេះ ការចុះឈ្មោះចូលរៀនបានចាប់ផ្តើមហើយ ដោយមានសិក្ខាកាមជាច្រើនបានចុះឈ្មោះចូលរៀនវគ្គនេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥តុលាខាងមុខនេះ។
លោកបន្តថា “មូលហេតុដែលសមាគមបើកថ្នាក់បណ្តុះបណ្តាលនេះ គឺចង់បង្កើនធនធានមនុស្សដើម្បីបំពេញការងារក្នុងវិស័យនេះ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។លោកបន្តថា “អ្នកបញ្ចប់ការសិក្សាចេញពីវគ្គនេះ យើងមិនលើកទឹកចិត្តពួកគេឲ្យបើកក្រុមហ៊ុនភ្លាមទេ តែពួកគេអាចធ្វើការនៅតាមក្រុមហ៊ុននានា ដែលយើងរកការងារជូន ដើម្បីទទួលបានបទពិសោធន៍ និងមូលដ្ឋានរ៉ឹងមាំក្នុងវិស័យនេះ មុននឹងឈានទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន។
វគ្គបណ្តុះបណ្តាលនេះ នឹងរៀនរយៈពេល៥ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដែលចាប់ផ្តើមពីម៉ោង៥,៣០នាទីដល់៨,៣០នាទីល្ងាច។
លោក ឃាង ពុទ្ឋី បានបន្តថា ការបណ្តុះបណ្តាលនេះ នឹងមានរយៈពេល១៥ទៅ១៦ម៉ោងក្នុងមួយវគ្គ ដែលបង្រៀនដោយអ្នកមានជំនាញ និងអ្នកដឹកនាំក្នុងវិស័យនេះ ដោយពួកគេនឹងបង្ហាញពីបទពិសោធន៍ការបរាជ័យ និងភាពជោគជ័យដែលពួកគេសម្រេចបាន ជាមួយនឹងកម្មវិធីសិក្សា ដែលមានការច្របាច់បញ្ចូលគ្នាពីកម្មវិធីសិក្សាក្នុងស្រុក និងកម្មវិធីសិក្សាលក្ខណៈអន្តរជាតិ។
កម្មវិធីសិក្សានេះយកតម្លៃ១៦៨ដុល្លារអាមេរិក សម្រាប់សិក្ខាកាមម្នាក់ ដែលលោកឃាង ពុទ្ឋីបានមានប្រសាសន៍ថា តម្លៃនៃការសិក្សានេះមានភាពសមរម្យ បើធៀបនឹងចំណេះដឹងផ្សេងទៀត ព្រោះការបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកជំនាញជាតិ និងអន្តរជាតិ ពិសេសលោកស្នើឲ្យយុវជនឬអ្នកចង់ប្រឡូកក្នុងវិស័យនេះ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ៕
ប្រភព : Property area